(ភ្នំពេញ)៖ ព្រឹទ្ធសភា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ព្រឹទ្ធសភា ដែលបានដំណើរការនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ដ្រៃយ៍ព្រឹទ្ធសភា បានកំណត់យកព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីបន្ដសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ដែលមានរបៀបវារៈសំខាន់ៗ រួមមាន៖
ទី១៖ ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
ទី២៖ ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
ទី៣៖ ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើ៖
*១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
*២៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
ទី៤៖ ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្ដីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី៕