(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ ផ្តាំផ្ញើទៅយុវជនថា ត្រូវបន្តរួមចំណែកការពារនូវសន្តិភាព ស្ថេរភាពនយោបាយ កុំឱ្យរឿងរ៉ាវអតីតកាលត្រឡប់មកវិញ ទោះតម្លៃណាក៏ដោយកុំឱ្យបដិវត្តន៍ពណ៌កើតមាននៅកម្ពុជា។
ការលើកឡើងរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាស ដែលសម្តេចបានអញ្ជើញជាអធិបតីបិទមហាសន្និបាត តំណាងទូទាំងប្រទេស លើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កិច្ចការសំខាន់តែពីរទេ ដែលក្តាប់វាឱ្យជាប់ក្នុងដៃជាផែទីចង្អុលផ្លូវទី១៖ គឺបន្តរួមចំណែកការពារនូវសន្តិភាព ស្ថិរភាពនយោបាយ កុំឱ្យរឿងរ៉ាវអតីតកាលវិលត្រឡប់មកវិញ រឿងនេះគឺជារឿងដាច់ខាត តម្លៃណាក៏ដោយត្រូវធ្វើ កុំឱ្យដិវត្តន៍ពណ៌កើតនៅកម្ពុជាឱ្យសោះ»។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីកម្ពុជា ដ៏មានប្រជាប្រិយភាពរូបនេះបានមានប្រសាសន៍ អំពាវនាវដល់យុវជនឱ្យបន្តរួមគ្នាប្រឹងប្រែងជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងមិនត្រូវយកអធិបតេយ្យជាតិទៅដោះដូរជាមួយជំនួយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ធ្ងន់ៗទៀតថា៖ «ខ្ញុំបញ្ជាក់សារជាថ្មីកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលអព្យាក្រឹត បានតែចំពោះមុខគណបក្សនយោបាយ និងគណបក្ស នយោបាយទេ តែមិនអនុញ្ញាតិឱ្យអព្យាក្រឹតរវាងរដ្ឋាភិបាល ជាមួយគណបក្សនយោបាយ ដែលប៉ុនប៉ង់ ផ្តួររំលំ គេបង្កើតកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលដើម្បីការពាររដ្ឋ សូមកុំភាន់ច្រឡំលើចំណុចនេះឱ្យសោះ»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកគាំទ្រថា សូមកុំខ្លាចចំពោះក្រុមអ្នកប្រឆាំង ព្រោះបើមិនប្រឆាំង គឺមិនមែនឈ្មោះជាអ្នកប្រឆាំងនោះឡើយ ប៉ុន្តែប្រឆាំងយ៉ាងណាក៏ដោយត្រូវតែគោរ និងឱ្យតម្លៃលើផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ ដើម្បីភាពរីកចម្រើនរបស់ប្រជាតិទាំងមូល ហើយសកម្មភាពប្រឆាំងណាមួយក៏ត្រូវតែដាក់គោលការណ៍ឱ្យបានច្បាស់លាស់ មិនមែននាំគ្នាប្រឆាំង ដើម្បីតែប្រយោជន៍បុគ្គលណាមួយនោះទេ។
សម្តេចតេជោ ក៏បានផ្តាំដល់យុវជនថា ចាប់អ្វីត្រូវចាប់ឱ្យប្រាកដ ហើយត្រូវពង្រឹងសមត្ថភាពខ្លួនងើបឡើង ក្នុងនាមជាប្រជាជាតិស្មើមុខ ស្មើមាត់ជាមួយប្រជាជាតិដទៃ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្តាំផ្ញើទៅយុវជនខ្មែរទាំងអស់កុំឆ្វេងកុំស្តាំ ត្រូវរកចំណុចកណ្តាលមួយ ដើម្បីភាពជោគជ័យរបស់ខ្លួន ស្របតាមភាពឈ្លាសវ៉ៃរបស់ខ្លួនមាន នៅក្នុងសម័យឌីជីផលនេះ៕