(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកានេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ។
ក្នុងពិធីដ៏មានអត្ថន័យនាថ្ងៃនេះ ក៏មានវត្តមានរបស់លោក Oh Nak Young ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក Joeng Yun Gil នាយកអង្គការ KOICA ប្រចាំកម្ពុជាលោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ និងអតីតនិស្សិតយ៉ាងច្រើនកុះករផងដែរ។
ក្នុងនាមឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខ្លួនលោកផ្ទាល់ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា អង្គការ KOICA និងសមាគមអតីតកម្មសិក្សាការី កម្ពុជា-កូរ៉េ ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការរៀបចំពិធីដ៏មានសារៈសំខាន់នាថ្ងៃនេះ ដែលសកម្មភាពនេះបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានតម្កល់ មនុស្ស ជាអាទិភាពទី១ នៅលើគេ។
លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងសង្គមក្នុងសម័យបដិវត្តន៍ ឧស្សាហកម្មទី៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានផ្តោតជាសំខាន់ក្នុងការជម្រុញការធ្វើទំនើបកម្មកសិកម្ម តាមរយៈការធ្វើយន្តុពាណិជ្ជកម្មកសិកម្ម ឌីជីថលរូបនីយកម្មកសិកម្មដែលបាន និងកំពុងក្លាយជាទទ្ប្លីករណ៍កំណើនថ្មីមួយយ៉ាងមានប្រសិទ្ធភាពក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ និងបានអនុញ្ញាតឲ្យប្រជាកសិករនិងវិស័យឯកជនមានលទ្ធភាពផ្សាភ្ជាប់ទៅនឹងសង្វាក់ផលិតកម្ម និងទីផ្សារក្នុងតំបន់ និងពិភពលោក។
លើសពីនេះទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមរយៈសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាកសិកម្មព្រែកលាប និងកំពង់ចាម រួមជាមួយការជួយគាំទ្រពីបណ្តាប្រទេសជាមិត្ត ដូចជាសាធារណរដ្ឋកូរ៉េ និងដៃគូអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងវិស័យកសិកម្មនៅកម្ពុជា ដោយជាមធ្យមនិស្សិតប្រមាណជា ១,២០០នាក់ត្រូវបានបញ្ចប់ការសិក្សាជារៀងរាល់ឆ្នាំ។ អ្វីដែលគួរជាទីមោទនៈនោះគឺ ក្នុងនោះនិស្សិតជាង ៩៥% ដែលបានបញ្ចប់ការសិក្សាកំពុងចូលបម្រើការងារក្នុងគ្រប់វិស័យ។
លោករដ្ឋមន្ត្រីសង្ឃឹមថានឹងមាននិស្សិតជាច្រើនពិនិត្យ ពិចារណា និងមានចំណាប់អារម្មណ៍បន្តការសិក្សាជំនាញដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតទៀត៕