(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រកាសជាថ្មីម្ដងទៀតថា សម្ដេចឈប់ឆ្លើយឆ្លងជាមួយទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី បើទោះបីព្យាយាមឆ្កឹះសម្ដេចយ៉ាងណាក៏ដោយ ព្រោះទណ្ឌិតរូបនេះគ្មានតម្លៃបន្ដិចណាទាល់តែសោះ។
ការប្រកាសរបស់សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី រួមជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បិទមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «វាជេរតាម Facebook វាបង្ហោះតាម Youtube វាអ្នកសរសេរ វាអ្នកនិយាយ គេមិនដឹងរឿង! ព្រោះខ្លះគេទាមទារឲ្យអ្នកនេះ គេភ្លេចវាចឹងអានោះមានតែ Post [...] ខ្ញុំបញ្ជាក់ត្រឡប់ទៅវិញថា វាច្បាស់ជាចង់ឲ្យខ្ញុំឆ្លើយតបវា កុំឆ្លើយតបដល់ចឹងទៅវានៅស្ងាត់ ហ្អែងនិយាយទៀតទៅ កុំតទុកឲ្យហ្អែងនៅចឹងហើយ ដល់ត វាមានតម្លៃ ចឹងកុំតបណ្ដោយ»។
បន្ថែមពីនេះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសរំលេចថា ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចពីសំណាញ់ច្បាប់របស់កម្ពុជា ទៅជ្រកកោននៅបរទេស តែងតែព្យាយាមបង្ហោះសារក្នុង Facebook និងប្រើប្រាស់គ្រប់វិធីទាំងអស់ ដើម្បីឲ្យសម្ដេចធ្វើការតបត ខណៈដែលសម្ដេចដឹងច្បាស់ថា ទណ្ឌិតរូបនេះលែងជាមនុស្សដែលគេយកចិត្តទុកដាក់ហើយ ដូច្នេះវិធីតែមួយគិត គឺព្យាយាមឆ្កិះសម្ដេចឲ្យនិយាយជេរត្រឡប់ទៅវិញ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើទៅមន្ដ្រីរាជរដ្ឋាភិបាល និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ កុំខ្លាចចំពោះក្រុមអ្នកប្រឆាំង ព្រោះបើមិនប្រឆាំង គឺមិនមែនឈ្មោះជាអ្នកប្រឆាំងនោះឡើយ ប៉ុន្តែត្រូវគោរពតម្លៃផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋឲ្យសោះ។
យ៉ាងណាក៏ដោយ បុរសខ្លាំងកម្ពុជាដែលហ៊ានលះបង់ជីវិតរបស់ប្រជាជាតិ និងមាតុភូមិដោយមិនខ្លាចនឿយហត់រូបនេះ ក៏បានឆ្លៀតផ្តាំទៅយុវជនទាំងអស់ថា ត្រូវបន្តរួមចំណែកការពារ នូវសន្តិភាព ស្ថេរភាពនយោបាយ កុំឲ្យរឿងរ៉ាវអតីតកាលត្រឡប់មកវិញ ពោលតម្លៃណាក៏ដោយកុំឲ្យបដិវត្តន៍ពណ៌កើតមាននៅកម្ពុជា និងអំពាវនាវដល់យុវជនឲ្យបន្តរួមគ្នា ប្រឹងប្រែងជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងមិនត្រូវយកអធិបតេយ្យជាតិទៅដោះដូរជាមួយជំនួយនោះឡើយ៕