(ហ្សឺណែវ, ស្វីស)៖ គណៈប្រតិភូអាជ្ញាធរមីនកម្ពុជាដឹកនាំដោយទេសរដ្ឋមន្ត្រី លី ធុជ កំពុងចូលរួមកិច្ចប្រជុំរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (APMBC) នៅទីក្រុងហ្សឺណែវប្រទេសស្វីស ចាប់ពីថ្ងៃ២៦ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
អនុសញ្ញា APMBC ត្រូវបានអនុម័តនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩៧ និងបានចូលជាធរមាននៅថ្ងៃទី០១ ខែមិនា ឆ្នាំ១៩៩៩ ហើយមកទល់ពេលនេះមាន១៦៤ប្រទេសជាសមាជិក។
យោងតាមសេចក្តីសម្រេច នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ (នៅទីក្រុងម៉ាពូតូ, ម៉ូហ្សាំប៊ិក ពីថ្ងៃ២៣-២៧ មិថុនា ២០១៤) កិច្ចប្រជុំរដ្ឋភាគីត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ នៅចុងខែវិច្ឆិកា ឬដើមខែធ្នូ រហូតដល់ដំណាច់ឆ្នាំ២០១៨។ គ្រប់រដ្ឋភាគី ត្រូវបានអញ្ជើញឲ្យចូលរួមដើម្បីរាយការណ៍ពីវឌ្ឍនភាព និងបង្ហាញពីផលលំបាកដែលបានជួបប្រទះ។
រដ្ឋមិនមែនភាគីដែលជាសមាជិករបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដែលពាក់ព័ន្ធ ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។ កិច្ចប្រជុំនេះបានធ្វើឡើងតាមការគ្រោងទុក នៅក្នុងសាលប្រជុំរបស់អង្គការសហប្រជាជាតិ ដោយមានការចូលរួមពីតំណាងរដ្ឋភាគី តំណាងអង្គការជាតិ អន្តរជាតិ និងតំបន់ របស់អង្គការសហប្រជាជាតិសរុប១៦៤ប្រទេស ដើម្បីពិនិត្យទៅលើរបាយការណ៍ប្រចាំឆ្នាំ ការឆ្លើយតបទៅនឹងសំនួរដែលលើកឡើងដោយគណៈកម្មការ ការផ្តល់អនុសាសន៍ ក៏ដូចជាបទពិសោធន៍ដែលរដ្ឋភាគីបានបំពេញ និងការសម្រេចលើសំណើសុំពន្យាពេលវេលាបោសសម្អាតមីន/គ្រាប់ របស់រដ្ឋភាគីមួយចំនួនស្របតាមមាត្រា៥នៃអនុសញ្ញា។
គណៈប្រតិភូកម្ពុជានឹងធ្វើសេចក្តីថ្លែងការណ៍អំពីស្ថានភាពវិស័យសកម្មភាពមីននៅកម្ពុជា ការជួយជនរងគ្រោះ និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ។
ជាមួយគ្នានោះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍អមលើប្រធានបទ ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន ឆ្នាំ២០២៥។ ទេសរដ្ឋមន្ត្រី លី ធុជ នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយប្រទេសម្ចាស់ជំនួយ រួមមាន អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អៀឡង់ ជប៉ុន ន័រវ៉េស ស្វីស អង់គ្លេស សហរដ្ឋអាមេរិក និងអង្គការអន្តរជាតិមួយចំនួន ដូចជា GICHD ICBL CICA SDC៕