(ភ្នំពេញ)៖ ក្រុមហ៊ុននាំចេញអង្ករដ៏ល្បីឈ្មោះមួយរបស់កម្ពុជា គឺក្រុមហ៊ុន Amru Rice បានដាក់លិខិតផ្លូវការមួយផ្ញើទៅសហគមន៍អឺរ៉ុប តវ៉ារឿងដែលសហគមន៍ដែលមានសមាជិក២៨ប្រទេសនេះ ពិនិត្យឡើងវិញ នូវលើការដាក់គំនាបពន្ធដារ លើអង្ករកម្ពុជា ដែលនាំចូលទៅអឺរ៉ុប។
ការតវ៉ារបស់ក្រុមហ៊ុននាំចេញអង្ករនេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មរបស់សគមន៍អឺរ៉ុប ចាប់ផ្តើមសើរើឡើងវិញ លើអង្ករកម្ពុជាតាមបណ្តឹងរបស់ប្រទេសអ៊ីតាលី ហើយរកឃើញថា អង្ករកម្ពុជាមានសក្តានុពល ធ្វើឲ្យប៉ះពាល់ដល់កសិករនៅប្រទេសអ៊ីតាលីមែន ប៉ុន្តែរកឃើញនេះគឺមិនសមហេតុផល ព្រោះអង្កររបស់អ៊ីតាលី គឺជាប្រទេសអង្ករស ហើយអង្កររបស់កម្ពុជានាំចេញទៅអឺរ៉ុប គឺជាប្រទេសអង្ករក្រអូប ដែលអ៊ីតាលី ដាំដុះពុំបាន រឿងអី្វបានជាទៅប៉ះពាល់ដល់អង្ករអ៊ីតាលី។
លោក សុង សារ៉ន នាយកប្រតិបត្តិក្រុមហ៊ុន Amru Rice បានថ្លែងយ៉ាងដូច្នេះថា «២-៣ឆ្នាំមកនេះ ប្រទេសអ៊ីតាលី គាត់តែងតែរអ៊ូរទាំច្រើន ដោយសារតែគាត់ដឹងថា អង្ករកម្ពុជាយើងទៅសហគមន៍អឺរ៉ុបជិត៣០ម៉ឺនតោនក្នុង១ឆ្នាំ ហើយគាត់កង្វល់ថា អង្កររបស់កម្ពុជា ធ្វើឲ្យវិស័យស្រូវរបស់គាត់មានការធ្លាក់ចុះ។ ហេតុដូច្នេះហើយទើបគាត់ដាក់ពាក្យប្តឹង ទៅកាន់សហគមន៍អឺរ៉ុប ដើម្បីឲ្យមានការសើរើ នៃការនាំចេញអង្ករកម្ពុជា យើងចូលទៅកាន់ទីផ្សារអឺរ៉ុប ធ្វើឲ្យគាត់បាត់បង់អាជីព ព្រោះគាត់ធ្លាក់ចំណូល។ បន្ទាប់ពីអង្កេតមើល ២-៣ឆ្នាំមកនេះ គឺគេចាប់ផ្តើមវិធានការណ៍ ដោយមានការគាំទ្រពីសមាជិកចំនួន៧ប្រទេស ក្នុងចំណោម២៨ប្រទេស។ អីចឹងហើយបានជាក្រសួងពាណិជ្ជកម្មសហគមន៍អឺរ៉ុប គេចាប់ផ្តើមសើរើនៅឆ្នាំ២០១៨ ដោយកាលពីខែមីនា គេចាប់ផ្តើមអង្កេត ហើយគេរកឃើញថា អង្ករកម្ពុជាយើង និងអង្ករភូមា ពិតជាមានសក្តានុពល ធ្វើឲ្យប៉ះពាល់ដល់កសិករនៅប្រទេសអ៊ីតាលីមែន ក៏ចាប់ផ្តើមមានវិធានការណ៍។ អ្វីដែលខ្ញុំតវ៉ា គឺចង់ឆ្លុះបញ្ចាំងឲ្យមានការពិត នៅប្រទេសកម្ពុជាយើង គឺផលិតអង្ករមិនមែនប៉ះពាល់ដល់កសិករអ៊ីតាលីទេ ពីព្រោះយើងផលិតអង្ករក្រអូបច្រើន ហើយអ៊ីតាលីដាំតែប្រភេទអង្ករស និងអង្ករគ្រាប់កន្តុល ដែលត្រូវនឹងអាកាសធាតុត្រជាក់ខ្លាំង»។
នាយកក្រុមហ៊ុនរូបនេះសង្កត់ធ្ងន់ថា «ការលើកឡើងរបស់អ៊ីតាលី ហាក់ដូចជាផ្ទុយពីការពិតដែលមាននៅកម្ពុជា ក្នុងលិខិតដែលខ្ញុំដាក់ទៅនោះ គឺដើម្បីឲ្យគាត់ពិនិត្យឡើងវិញ អំពីតថភាពជាក់ស្តែង និងឲ្យគាត់ (សហគមន៍អឺរ៉ុប) ពិចារណាឡើងវិញ បន្ទាប់ពីគាត់បានពិនិត្យលើទិដ្ឋភាពជាក់ស្តែងដែលយើងផលិត ដែលយើងមាន ហើយវាផ្ទុយស្រឡះពីការរកឃើញរបស់គាត់ សូមឲ្យគាត់ដកចេញវិញទៅលើរបាំងពន្ធដារ ទារពន្ធលើអង្ករយើងគឺមិនសមរម្យ និងមិនត្រូវនូវអ្វីដែលគាត់បានអង្កេត»។
សូមជម្រាបថា នៅរយៈពេល១០ខែ ឆ្នាំនេះកម្ពុជានាំចេញអង្ករបានជាង៤៣ម៉ឺនតោន ក្នុងនោះប្រភេទអង្ករក្រអូបស្មើនឹងជាង៧៧ភាគរយ។ សហគមន៍អឺរ៉ុបទិញអង្កររបស់កម្ពុជាជិត៥០ភាគរយ៕
សូមទស្សនាវីដេអូនៃការបញ្ជាក់របស់លោក សុង សារ៉ន ទាំងស្រុង៖