(ភ្នំពេញ)៖ ដោយមានការប្រគល់ភារកិច្ចពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដើម្បីពិនិត្យ និងកែសម្រួលច្បាប់មួយចំនួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារ ព្រៃឈើ និងធនធានធម្មជាតិកម្ពុជា។
លោក ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានឲ្យដឹងថា កិច្ចប្រជុំអន្តរក្រសួងនេះ បានពិនិត្យឡើងវិញយ៉ាងល្អិតល្អន់ នូវច្បាប់ចំនួនបីជាសំខាន់ គឺច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដោយមើលឃើញថាច្បាប់ទាំងនោះ មានចំណុចមួយចំនួន មានការវិវាទជាមួយច្បាប់ផ្សេងៗ ជាពិសេស ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការអនុវត្តគោលនយោបាយវិមជ្ឍការ និងសហវិមជ្ឍការ។ ដោយហេតុដូចនេះ កិច្ចប្រជុំអន្តរក្រសួងបានសម្រេចធ្វើសេចក្តីព្រាងទាំងបីនេះជាថ្មី ដើម្បីសម្រួលដល់ការប្រត្តិបត្តិ របស់អាជ្ញាធរថ្នាក់ក្រោមជាតិ។
លោក ប៉ោ ភក្តិ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះសម្តេចក្រឡាហោមស ខេង ក៏បានសម្រេចឲ្យមានការបញ្ចូលបន្ថែមក្រសួងមួយចំនួនទៀត ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរ៉ែ និងថាមពល និងក្រសួងមុខងារសាធារណៈជាដើម ដើម្បីចូលរួមតាក់តែងសេចក្តីព្រាងច្បាប់ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអនុវត្តឲ្យមានប្រសិទ្ធភាព។
នៅពេលខាងមុខនេះ មន្ត្រីជំនាញជាន់ខ្ពស់របស់អន្តរក្រសួងទាំងអស់ នឹងត្រូវជួបប្រជុំគ្នាដើម្បីធ្វើសេចក្តីព្រាងច្បាប់ បន្ទាប់មកនឹងមានការរៀបចំសិក្ខាសាលា ថ្នាក់ជាតិមួយ ដោយមានការចូលរួមពិភាក្សា ផ្តល់យោបល់ដោយអង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឲ្យខ្លឹមសារសេចក្តីព្រាងច្បាប់ទាំងនោះកាន់តែសុក្រិត្យថែមទៀត។ នេះបើតាមការបញ្ជាក់បន្ថែម របស់លោក ប៉ោ ភក្ដិ៕