(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ប្រកាសបន្ដឥណទានផ្នែកកសិកម្ម ដល់ប្រជាកសិករបន្ថែមទៀត ទោះបីជាបច្ចុប្បន្ននេះ វិស័យកសិកម្មកំពុងមានការធ្លាក់ចុះយ៉ាងណាក្ដី ហើយវិស័អចលនវត្ថុកើនឡើងក៏ដោយ ក៏គ្រឹះស្ថានមួយនេះមិនផ្លាស់ប្ដូរ និងរុញរាក្នុងការផ្ដល់ឥណទានដល់ប្រជាកសិករនោះឡើយ។ នេះបើតាមការឲ្យដឹងពី លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK។
ការលើកឡើងបែបនេះ របស់លោកប្រធាននាយកប្រតិបត្តិ AMK ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុង សន្និសីទសារព័ត៌មានមួយស្ដីពី ការប្រកាសខ្លួនចូលជាសមាជិកធនាគារស៊ាងហៃពាណិជ្ជ និងសន្សំ (The Shanghai Commercial & Savings Bank, Ltd.) ដោយហៅកាត់ថា SCSB នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក គា បូរាណ លើកឡើងថា «មួយរយៈចុងក្រោយនេះ វិស័យកសិកម្មហាក់ថមថយពិតមែន ដោយសារតែកំណើន នៃវិស័យផ្សេងទៀត កំពុងកើនឡើងខ្លាំង។ ប៉ុន្ដែយ៉ាងណាក្ដីវិស័យកសិកម្ម នៅតែជាវិស័យមួយធំ ចំពោះការគាំទ្រវិស័យសេដ្ឋកិច្ចនៃកម្ពុជា មួយវិញទៀតប្រជាជនកម្ពុជាប្រមាណ៦០% នៅតែប្រកបរបរធ្វើស្រែចំការខ្នាតតូច ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ»។
លោកបន្ដថា វិស័យកសិកម្មជាវិស័យសំខាន់លើពិភពលោក និងមិនអាចខ្វះបាន ព្រោះគ្មានអ្នកណាម្នាក់រស់ដោយ អត់ហូបអាហារបានឡើយ។ កម្ពុជាជាប្រទេសមួយ ដែលមានធនធានល្អ ដីមានជីវជាតិ អាចបង្កបង្កើនផលបានប្រសើរ ជាក់ស្ដែងកម្ពុជាក៏បានជាប់ចំណាត់ថ្នាក់លេខ១ ដែលមានអង្ករល្អថែមទៀតផង។
លោកបញ្ជាក់ថា «សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ទោះបីជាវិស័យកសិកម្មថយចុះ ហើយវិស័យអចលនវត្ថុកើនឡើង ក៏ AMK មិនមានបំណង ឬផែនការក្នុងការផ្លាស់ប្ដូរទិសដៅ ផ្នែកឥណទានលើអចលនទ្រព្យដែរ គឺបន្ដផ្ដល់កម្ចីផ្នែកកសិកម្ម ទៅដល់ប្រជាកសិករតាមជនបទ ដើម្បីលើកម្ពស់ជីវភាពរបស់ពលរដ្ឋ និងក៏លើកកម្ពស់វិស័យនេះបន្ថែមទៀត»។
ដោយឡែកសម្រាប់សន្និសីទស្ដីពី ការប្រកាសខ្លួនចូលជាសមាជិកធនាគារស៊ាងហៃពាណិជ្ជ និងសន្សំ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK នេះ ធ្វើឡើងដើម្បីផ្លាស់ប្ដូរមុខមាត់ថ្មី ឲ្យក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលឈានមុខគេនៅកម្ពុជានាពេលអនាគត ពិសេសលើកកម្ពស់វិស័ធនាគារនៅកម្ពុជាថែមទៀតផង។
សមាជិកក្រុមប្រឹក្សាភិបាល អនុប្រធានប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យានៃ ធនាគារសៀងហៃពាណិជ្ជ និងសន្សំ លោក John Yung បានជម្រាបឲ្យដឹងពីប្រវត្តិនៃការកកើត និងភាពរីកច្រើនរបស់ធនាគារ SCSB និងប្ដេជ្ញាសហការជាមួយគ្រឹះស្ថាន AMK ។
លោកថា ការសម្រេចចិត្តវិនិយោគលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK នេះគឺ ផ្ដោតលើកត្តាចម្បងៗជាច្រើន ព្រមទាំងការសំលឹងឃើញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងបេសកកម្មសង្គមរបស់ខ្លួន ទំនុកចិត្តលើបុគ្គលិក និងការគ្រប់គ្រងរបស់ AMK ផងដែរ។
លោកបានសំដែងការស្វាគមន៍យ៉ាងខ្លាំងចំពោះ ការចូលជាសមាជិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK នេះ។ លោកសង្ឃឹមថា បន្ទាប់ពីការចូលខ្លួនជាសមាជិក AMK នឹងបន្ដតួនាទីក្នុងការលើកកំណើនសេដ្ឋកិច្ច ដែលមិនគួរឲ្យជឿក្នុងប្រទេសកម្ពុជា ហើយនឹងប្រែក្លាយជីវភាពប្រជាជនពីទាប ទៅចំណូលមធ្យមផងដែរ។
ប្រធានក្រុមប្រឹក្សាភិបាល AMK លោក Tanmay Chetan បានថ្លែងថា បន្ទាប់ពីក្លាយជាសមាជិករបស់ធនាគារ SCSB គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK មានជំនឿថា SCSB នឹងធ្វើឲ្យ AMK ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលេចធ្លោមួយនៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕