(ក្រចេះ)៖ លោក ហេង សុថា អភិបាលស្រុកឆ្លូង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះណែនាំឱ្យមានការប្រុងប្រយ័ត្ន និងហាមឃាត់មិនឱ្យសាងសង់ លំនៅដ្ឋានតាមមាត់ច្រាំងទន្លេ ឬក៏ជួសជុលលំនៅដ្ឋានដែលរងការខូចខាតនោះ និងការសាងសង់បន្ថែម ព្រោះងាយរងគ្រោះដោយសារការបាក់ច្រាំង។
ការចុះណែនាំរបស់អភិបាលស្រុកឆ្លូង ធ្វើឡើងបន្ទាប់ពីលោកបានទទួលដំណឹងថា មានផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ដែលបានសាងសង់នៅតាមមាត់ទន្លេប្រឈម និងការបាក់ស្រុតមាន តែមិនខូចខាតទាំងស្រុងទេ។
លោក ហេង សុថា បានបន្តថា ផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅភូមិកោះកណ្តុរ តាមបណ្ដោយមាត់ទន្លេ ចាប់ពីវត្តវេទីរហូតដល់ស្ពានឆ្លូង ប្រឈមការបាក់ស្រុត ច្រាំងទន្លេ ដូច្នេះសូមប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅទីតាំងខាងលើ ត្រូវមានការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត។
ជាមួយគ្នានេះដែរ លោក ហេង សុថា ក៏បានចុះទៅពិនិត្យផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលបានបាក់ស្រុត និងបណ្ដាលឱ្យទុស្សេខ្សែភ្លើងឆាបឆេះអស់ទាំងស្រុង ក្រោយពីភ្លៀងធ្លាក់១យប់១ថ្ងៃបានបាក់ច្រោះដីច្រាំងទន្លេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧៖១៥នាទីយប់ថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៨ នៅភូមិកោះកណ្ដុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ឡាំ យាំងគៀង ភេទប្រុស អាយុ៨២ឆ្នាំ ជនជាតិវៀតណាម មានផ្ទះ១ខ្នង ទំហំ៥ម៉ែត្រ គុណ៨ម៉ែត្រ ត្រូវបានបាក់ស្រុត និងឆេះអស់ទាំងស្រុង ខូចខាត់សម្ភារក្នុងផ្ទះគិតជាទឹកប្រាក់ប្រមាណជាង២០០០ដុល្លារ តែមិនអ្នករងរបួស។ ក្នុងហេតុការណ៍នេះ នគរបាលប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យដោយបាញ់ទឹកពន្លត់ប្រើទឹកចំនួន២ រថយន្ដទើបរលត់ទាំងស្រុង៕