(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអ្នកប្រឆាំងកុំសង្ឃឹមបានមកអង្គុយជាមួយ ស.ស.យ.ក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើ ស.ស.យ.ក មិនជ្រើសយកថ្នាក់ដឹកនាំដែលជាកូនៗរបស់ថ្នាក់ដឹកនាំ តើទៅយកពីណា? សម្តេចតេជោ បានថ្លែងថា ស.ស.យ.ក គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានសិទ្ធិពេញលេញក្នុងការធ្វើសកម្មភាពរបស់ខ្លួន។
* សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះជោគជ័យ ដែល ស.ស.យ.ក បានធ្វើនាពេលកន្លងទៅ។ សម្តេចតេជោ បានលើកឡើងថា គ្មានកន្លែងណាមួយ ដែលមិនមានការចូលរួមរបស់យុវជននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានយល់ស្របចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ានី ដែលថា ស.ស.យ.ក មិនមែនជាយន្តការដាច់ដោយឡែកមួយ តែជាយន្តការមួយសម្រាប់ជួយដល់សង្គមជាតិ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចពិតជាមោទនភាពចំពោះសកម្មភាពរបស់ ស.ស.យ.ក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាក្នុងការរក្សាតួអង្គអង្គការយុវជនមួយនេះ។
* សម្តេចតេជោ បានថ្លែងថា សកម្មភាពរបស់យុវជន មិនមែនទើបកើតមាននៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨នោះទេ។ ប៉ុន្តែសកម្មភាពរបស់យុវជនបានកើតមានតាំងពីពេលមុន ដើម្បីប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
* សម្តេចតេជោ ហ៊ុន សែន គេមិនអាចកាត់ប្រវត្តិសាស្ត្រជាកង់ៗបាននោះឡើយ ហើយបើខ្វះទស្សនៈប្រវត្តិសាស្ត្រមិនអាចក្លាយទៅជាអ្នកវាយតម្លៃស្ថានការណ៍បានទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មតិភាគតិចត្រូវគោរពមតិភាគច្រើន តែមតិភាគច្រើន ត្រូវតែយកចិត្តទុកដាក់លើមតិភាគតិច។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់សហភាពសហព័ន្ធយុវជនកម្ពុជាថា ត្រូវប្រកាន់នូវគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មតិភាគតិចត្រូវគោរពមតិភាគច្រើន តែមតិភាគច្រើន ត្រូវតែយកចិត្តទុកដាក់លើមតិភាគតិច។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់សហភាពសហព័ន្ធយុវជនកម្ពុជាថា ត្រូវប្រកាន់នូវគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។
* សម្តេចតេជោ បានថ្លែងថា បើប្រកាន់នូវគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ គឺគ្មានឡើយការបែកបាក់គ្នា។
* សម្តេចតេជោ បានថ្លែងថា អំណាចធំបំផុតរបស់ ស.ស.យ.ក មិនមែនស្ថិតនៅលើប្រធាននោះទេ គឺស្ថិតនៅលើមហាសន្និបាត។
* សម្តេចតេជោបានថ្លែងថា សម្តេចមិនខ្វល់អ្វីជាកុម្មុយនិស្ត ឬមិនកុម្មុយនិស្តនោះទេ គឺស្គាល់តែអ្វីជារឿងពិតប្រាកដ ដែលកំពុងកើតនៅកម្ពុជា។
* សម្តេចតេជោ បានរំលឹកថា ពីអតីតកាលពេលទៅប្រទេសេរីគេថាសម្តេចជនកុម្មុយនិស្ត ពេលទៅប្រទេសកុម្មុយនិស្ត គេថាសម្តេចជាជនសេរី តែសម្តេចអត់ខ្វល់ទេ សំខាន់សម្តេចជារបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានហៅក្រុមជនដែលហៅរបបដឹកនាំបច្ចុប្បន្នថា ជាកុម្មុយនិស្ត គ្រាដែលពួកគេមានសិទ្ធិសេរីភាពជ្រើសរើសការងារផ្សេងៗដោយសេរីនោះ គឺជាមនុស្សក្បត់នឹងការពិត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុវជនបច្ចុប្បន្នមានឱកាសល្អ និងសមត្ថភាពខ្លាំង បើធៀបជាមួយយុវជនជំនាន់មុន ប៉ុន្តែពួកគេមិនទាន់បានឆ្លងកាត់ភាពចាស់ទុំនៅឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុវជនជំនាន់ថ្មី ត្រូវតែរៀនសូត្រពីចាស់ជំនាន់មុន ព្រោះចាស់ជំនាន់មុនមានបទពិសោធន៍យ៉ាងច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើជាមេដឹកនាំលំបាក ប៉ុន្តែត្រូវតែហ៊ានលះបង់ បើទោះបីការលះបង់នោះធំ រហូតដល់លះបង់អាយុជីវិតក៏ត្រូវធ្វើដែរ ដើម្បីប្រយោជន៍សង្គមជាតិ និងប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅយុវជនថា គ្មានការទទួលផលណាមួយ ដោយគ្មានការបង់ថ្លៃនោះឡើយ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចធ្លាប់ប្រដៅ ខៀវ សំផន ផងដែរ ពាក់ព័ន្ធកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
* សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា ទម្រាំមានថ្ងៃនេះ មានមនុស្សស្លាប់ច្រើនណាស់។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចបានយកជីវិតរបស់សម្តេចទៅប្តូរយកនូវស្ថានភាពដូចពេលបច្ចុប្បន្ននេះ។
* សម្តេចតេជោ បានលើកឡើងថា តើលើលោកនេះមានមេដឹកនាំប៉ុន្មាននាក់ហើយ ដែលហ៊ានប្រថុយជីវិតចូលទៅជំរុំរបស់សត្រូវ។
* សម្តេចតេជោ បានថ្លែងថា នរណាដែលចង់បំផ្លាញសម្តេច គឺតែងតែវិនាសខ្លួនឯងជានិច្ច។
* សម្តេចតេជោ បានរំលឹកថា នៅពេលទទួលបានការបោះឆ្នោតគាំទ្រពីសភាឡើងធ្វើជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ មករា ឆ្នាំ១៩៨៥ សម្តេចមើលឃើញថា មិនអាចយកសង្គ្រាម បញ្ចប់សង្គ្រាមបាននោះទេ។ ដូច្នេះហើយទើបសម្តេចដាក់ចេញនយោបាយកំណែទម្រង់នយោបាយ និងកំណែទម្រង់សេដ្ឋកិច្ច ត្រូវតែធ្វើទន្ទឹមគ្នា។
* សម្តេចតេជោ បានថ្លែងថា កម្លាំងសង្កត់បីយ៉ាងដែលអាចសម្លាប់ជីវិតនយោបាយរបស់សម្តេចរួមមាន៖ ១. ការមិនយល់គ្នានៅក្នុងផ្ទៃក្នុងបក្ស, ២. បារម្ភខ្លាចវៀតណាម រារាំងព្រោះនយោបាយកម្ពុជា និងវៀតណាមខុសគ្នា ខណៈកងទ័ពវៀតណាមនៅកម្ពុជាប្រមាណ ១០ម៉ឺននាក់, ៣. ការបារម្ភខ្លាចសហភាពសូវៀតណាម កាត់ផ្តាច់ជំនួយ ព្រោះពេលនោះមានតែសូវៀត និងអឺរ៉ុបជាអ្នកផ្តល់ជំនួយមកកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកំណត់គោលដៅ គឺជារឿងសំខាន់ក្នុងការដឹកនាំ ដូចជាសម្តេចបានកំណត់ថា ការបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព គឺជាគោលដៅពេលសម្តេចឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់យុវជនថា ចាប់អ្វីត្រូវចាប់ឲ្យប្រាកដ ហើយត្រូវពង្រឹងសមត្ថភាពខ្លួនងើបឡើងក្នុងនាមជាប្រជាជាតិស្មើមុខស្មើមាត់ជាមួយប្រជាជាតិដទៃ។
* សម្តេចតេជោ ផ្តាំទៅយុវជនកុំឆ្វេងកុំស្តាំ ត្រូវរកចំណុចកណ្តាលមួយ។
* សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទណ្ឌិត សម រង្ស៉ី គ្មានថ្ងៃផ្លាស់ប្តូរជំហរព្រោះបារម្ភរឿងគំនាបបរទេសដូចការរំពឹងទុករបស់ពួកគេនោះឡើយ។
* សម្តេចតេជោបានផ្តាំទៀតថា ដើម្បីសម្រេចគោលដៅ ត្រូវស្គាល់ឱកាស បង្កឱកាស និងក្តាប់ឱកាសឲ្យបានត្រឹមត្រូវ។
* សម្តេចតេជោ បានផ្តាំទៅយុវជនថា ត្រូវបន្តរួមចំណែកការពារនូវសន្តិភាព ស្ថេរភាពនយោបាយ កុំឲ្យរឿងរ៉ាវអតីតកាលត្រឡប់មកវិញ ពោលតម្លៃណាក៏ដោយកុំឲ្យបដិវត្តន៍ពណ៌កើតមាននៅកម្ពុជា។
* សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវដល់យុវជនឲ្យបន្តរួមគ្នាប្រឹងប្រែងជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងមិនត្រូវយកអធិបតេយ្យជាតិទៅដោះដូរជាមួយជំនួយនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បន្តថា កុំខ្លាចចំពោះក្រុមអ្នកប្រឆាំង ព្រោះបើមិនប្រឆាំង គឺមិនមែនឈ្មោះជាអ្នកប្រឆាំងនោះឡើយ ប៉ុន្តែត្រូវគោរពតម្លៃផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ បានផ្តាំថា មិនត្រូវយកពួកយូកោងទៅធ្វើអភិបាលស្រុកនោះទេ ហើយបើចង់ធ្វើមេដឹកនាំត្រូវប្រឹងរៀនឲ្យចេះ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសឈប់ឆ្លើយឆ្លងជាមួយទណ្ឌិត សម រង្ស៉ី បើទោះបីឆ្កឹះសម្តេចក៏ដោយ។
* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ១៧៖៥៥នាទី, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ៧៦៕