(កំពង់ធំ)៖ ផ្ទះទី១០៣ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រូវបានប្រគល់ជូនគ្រួសារពលបាលឯក អ៊ុ សាខន អាយុ៤៨ឆ្នាំ បច្ចុប្បន្នមានប្រពន្ធ និងកូនចំនួន៥នាក់ រស់នៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចូលរួមបម្រើក្នុងជួរកងទ័ពឆ្នាំ១៩៨៦ នៅអង្គភាពយោធាស្រុកបារាយណ៍ ខេត្តកំពង់ធំហើយបានត្រូវរបួសធ្លាក់ខ្លួនពិការ នៅឆ្នាំ១៩៩២។
ពលបាលឯក អ៊ុ សាខន ក្រៅពីប្រាក់បៀវត្សប្រចាំប្រចាំខែ ដែលរាជរដ្ឋាភិបាលផ្តល់ជូនលោក បានប្រកបមុខរបរបន្ថែមជាជាងសំណង់ផ្សេងៗ និងនេសាទត្រីដើម្បីបានប្រាក់កម្រៃប្រចាំថ្ងៃចិញ្ចឹមគ្រួសារ។ ផ្ទះថ្មីដែលទើបសាងសង់រួចប្រគល់ជូននាពេលនេះ មានទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ សាងសង់ពីឈើជញ្ជាំង និងរនាបក្តារដំបូលប្រក់ស័ង្កសី សាងសង់ខ្ពង់ខ្ពស់ផុតពីដីដែលបានចំណាយថវិកា ក្នុងការសាងសង់អស់ទឹកប្រាក់៦,៩៩៨,០០០រៀល។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ ដល់បងប្អូនអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជនពលី ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការចូលរួមចំណែកធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងក្រោមនយោបាយ ឈ្នះ! ឈ្នះ! របស់សម្តេច ធ្វើឱ្យមានសន្តិភាព និងការអភិវឌ្ឍ ហើយនាំឱ្យប្រទេសកម្ពុជា ខ្ពស់មុខខ្ពស់មាត់ លើឆាកអន្តរជាតិ និងបណ្តាប្រទេសធំៗ លើសកលលោក។
ក្នុងពិធីសំណេះសំណាល និងប្រគល់ផ្ទះថ្មីនេះ លោក និងក្រុមការងារសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក៏បានពាំនាំនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជន ជូនគ្រួសារអតីតយុទ្ធជនពិការនេះ បន្ថែមទៀតរួមមាន៖ អង្ករចំនួន៥០គីឡូក្រាម, មីយើងចំនួន០២ កេស, ទឹកត្រី, ទឹកស៊ីអ៊ីវចំនួន០២យួរ និងថវិកា ចំនួន៤០០,០០០រៀល៕