(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំបុណ្យឈ្នះឈ្នះ នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មាការៀបចំពិព័រណ៍ កីឡា ការរៀបចំពិធីឆ្លងឆ្នាំសកល បានអំពាវនាវដល់រដ្ឋបាលខេត្តនានា និងគ្រប់ភាគីពាក់ព័ន្ធរួសរាន់ជំរុញការរៀបចំខ្លួនចូលរួមតាំងពិព័រណ៍សមិទ្ធផល ក្នុងឱកាសពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយ ឈ្នះ ឈ្នះ ឱ្យបានកាន់តែរហ័សថែមទៀត។
ពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយ ឈ្នះ ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។
លោករដ្ឋមន្ត្រីបានពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមការងារនីមួយៗ ដូចជាស្ដង់ពិព័រណ៍សមិទ្ធផល ២០ឆ្នាំ របស់ក្រសួង-ស្ថាប័ន ពិព័រណ៍សមិទ្ធផលរបស់រាជធានី-ខេត្តទាំង២៥ ពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម ម្ហូបអាហារ ការសម្តែងទស្សនីយភាពសិល្បៈ ព្រឹត្តិការណ៍កីឡា និងពិធីឆ្លងឆ្នាំសកល ព្រមជាមួយនឹងការណែនាំអំពីការរៀបចំរាល់សកម្មភាព ពិព័រណ៍សិល្បៈ កីឡាឱ្យបានសម្បូរបែប និងប្រកបដោយភាពទាក់ទាញ។
អង្គប្រជុំបានលើកឡើងថា ស្តង់ពិព័រណ៍មានចំនួនសរុបជាង ៥០០ស្ដង់ ចែកជាបួនតំបន់ A,B,C,D តំបន់ A និង B សម្រាប់ពិព័រណ៍សមិទ្ធផល រីឯតំបន់ C និង D គឺសម្រាប់ពិព័រណ៍ម្ហូបអាហារ (ភូមិម្ហូបឆ្ងាញ់)។
តំបន់ទាំង៤នេះ ដែលមានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងស្ដង់ពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ និងការវិនិយោគរបស់ក្រុមហ៊ុននានា និងមានការចូលរួមពីប្រទេសជាមិត្តមួយចំនួនផងដែរ។
ដោយឡែកចំពោះពិព័រណ៍សមិទ្ធផលក្រសួង-ស្ថាប័នបានត្រៀមរួចរាល់ហើយ រីឯពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ វិនិយោគ ក្រុមការងារបានទទួលការចុះឈ្មោះបានជាង ៧០% ហើយ។
ចំពោះព្រឹត្តិការណ៍ និងសកម្មភាពកីឡាមាន១២ប្រភេទកីឡា ហើយដែលបានត្រៀមរួចរាល់ហើយ រីឯកម្មវិធីឆ្លងឆ្នាំសកល ក៏បានត្រៀមរៀបចំរួចរាល់ហើយ ទាំងកម្មវិធីព្រឹត្តិការណ៍ឆ្លងឆ្នាំ ទាំងកម្មវិធីលៀងសាយភោជន៍។
លោករដ្ឋមន្ត្រីបានក្រើនរំលឹកសុំឱ្យគ្រប់ផ្នែកក្នុងអនុគណៈកម្មការបន្តសហការគ្នា និងបន្តសហការជាមួយអនុគណៈកម្មការដទៃឱ្យបានល្អ ដើម្បីជោគជ័យត្រចះត្រចង់នៃពិធីបុណ្យនេះ៕