(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន២០នាក់ ក្នុងនោះស្រី៤នាក់ នៅមុខចំណុច ភោជនីយដ្ឋានចតុមុខ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិវៀតណាមចំនួន១៤នាក់ បានកាន់កាប់ និងប្រើប្រាស់ឯកសារត្រឹមត្រូវ រួមមាន៖ បង្កាន់ដៃបង់ប្រាក់ ប្រកាសទទួលស្គាល់ បង្កាន់ស្នើសុំដាក់ទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងជនជាតិវៀតណាមចំនួន០៦នាក់ ស្រី ០៤នាក់ បានលួចឆ្លងដែនចូលមកស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។
បើតាមលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ក្រុមប្រតិបត្តិការចម្រុះបានបញ្ជូនជានជាតិវៀតណាមចំនួន០៦នាក់ ស្រី០៤នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីបន្ត៕