(បាងកក,ថៃ)៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍របស់ប្រទេសកម្ពុជា ទេសរដ្ឋមន្ត្រី អៀង មូលី ត្រូវបានជ្រើសតាំងជាប្រធានកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញការអនុវត្តការប្តេជ្ញាចិត្តរបស់ អន្តររដ្ឋាភិបាល អាស៊ី-ប៉ាស៊ីហ្វិក លើបញ្ហាមេរោគអេដស៍ ជំងឺអេដស៍សម្រាប់រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ជំនួសលោក Ratu Epeli Nailatikau អតីតប្រធានាធិបតីហ្វ៊ីជី ដែលត្រូវបានបញ្ចប់អាណត្តិ។
ការសម្រេចនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការកណ្តាលគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (UNESCAP: United Nations Economic and Social Commission for Asia and the Pacific)។
មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កិច្ចប្រជុំនេះប្រារព្ធឡើងនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីតំណាងប្រទេសចំនួន២៣ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលរួមមាន៖ អាហ្វហ្កានីស្ថាន អូស្ត្រាលី អាហ្សែបៃហ្សង់ បង់ក្លាដែស កម្ពុជា ចិន ហ្វ៊ីជី អ៉ឺរ៉ង់ ឥណ្ឌូណេស៊ី គីរីបាស ឡាវ ម៉ាឡេស៊ី កោះម៉ាសាល នេប៉ាល់ ប៉ាគីស្ថាន ប៉ាពូអាស៊ីណូវែលហ្គីណេ សាធារណរដ្ឋកូរ៉េ សហព័ន្ធរុស្ស៊ី ស្រីលង្កា តាជីគីស្ថាន ថៃ ទីម័រឡេស និងវៀតណាម ដើម្បីពិនិត្យមើល ឡើងវិញនូវការអនុវត្តការប្តេជ្ញាចិត្ត ក្នុងចំណោមរដ្ឋជាសមាជិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
អង្គប្រជុំបានលើកឡើងម្តងហើយម្តងទៀត និងឯកភាពគ្នាថា «ទោះបីជាមានវឌ្ឍនភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅក្នុងតំបន់ក៏ដោយ ក៏មេរោគអេដស៍មិនទាន់ចប់នៅឡើយទេ។ ដូច្នេះ យើងត្រូវជម្នះនូវបញ្ហានានា ដើម្បីឈានទៅសម្រេចបាននូវគោលដៅនានា ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ ក្នុងការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០»។ នេះបើតាមមន្រ្តីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កម្ពុជាបានបន្ថែម៕