(ភ្នំពេញ)៖ សិស្សសាលាអន្តរជាតិ អេសអាយអេស (SIS) ចំនួន១៤៨នាក់ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានទទួលការបណ្តុះបណ្តាល ចំណេះដឹងមូលដ្ឋាន អំពីសុវត្ថិភាពម្ហូបអាហារ ពីមន្ត្រីជំនាញកាំកុងត្រូល សាខាផែស្ងួតចុងទីភ្នំពេញ ។
រាជរដ្ឋាភិបាល បានកំណត់យកមុំមួយ ក្នុងចំណោមមុំទាំងបួននៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ អាណត្តិទី៦ នេះ គឺការអភិវឌ្ឍន៍ធនធានមនុស្ស ដែលក្នុងនោះ «សុវត្ថិភាពម្ហូបអាហារ» ជាកត្តាជំរុញមួយ។ ចំណេះដឹងអំពីសុវត្ថិភាពម្ហូបអាហារ គឺជាកាតាលីករ ដែលជំរុញសង្គមទាំងមូលឲ្យមានសុខមាលភាព រួមចំណែកជំរុញ ធនធានមនុស្សក្នុងសង្គម អោយមានការរីកចម្រើន និងនិរន្តភាពផងដែរ។
យោងលើសារសំខាន់នេះ សាលារៀនអន្តរជាតិ អេសអាយអេស (SIS) បានសហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បើកវគ្គអប់រំផ្សព្វផ្សាយអំពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការការពារអ្នកប្រើប្រាស់» លើកទី៣ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស បន្ថែមលើកម្មវិធីសិក្សារបស់សាលា។
លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោលសុវត្ថិភាពចំណីអាហារ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រុមការងាររបស់លោក តែងតែចុះអប់រំ ដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន សិស្សសាលាតាមគ្រឹស្ថានសាធារណៈ អាជីវករ តាមទីផ្សារនានា ដើម្បីណែនាំពួកគាត់ឲ្យយល់ដឹង អំពីរបៀបនៃកាជ្រើសរើសម្ហូបអាហារ ការថែរក្សាទុក ការចំអិន និងពន្យល់ពួកគាត់អំពីការប្រើប្រាស់ សារធាតុគីមីហាមឃាត់លើម្ហូបអាហារ ដែលជះឥទ្ធិពលអាក្រក់ដល់សុខភាពអ្នកប្រើប្រាស់។
យើងក៏បានសង្កេតឃើញដែរថា បច្ចុប្បន្ននេះ លោក ម៉ក់ ពេជ្ជរិទ្ជ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានបើកយុទ្ធនាការនាំមុខលើទីផ្សារធំៗមួយចំនួន ដោយដាក់ពង្រាយមន្ត្រីជំនាញឲ្យឈរជើងប្រចាំការ នៅនឹងទីផ្សារផ្ទាល់តែម្តង ក្នុងគោលបំណងដោះស្រាយ បញ្ហាដែលនឹងអាចកើតឡើងជាយថាហេតុ ដោះស្រាយបញ្ហាមិនប្រក្រតី ចំពោះម្ហូបអាហារនៅលើទីផ្សារ ក៏ដូចជាការចុះត្រួតពិនិត្យផ្ទាល់ និងជាប្រចាំហើយសកម្មភាពនេះ បានកាត់បន្ថយការព្រួយបារម្ភរបស់អ្នកប្រើប្រាស់បានយ៉ាងច្រើន ព្រមទាំងផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលផងដែរ៕