(ព្រះសីហនុ)៖ ដើម្បីធានាសុវត្ថិភាពធ្វើម្ហូប ចំណីអាហារ ដែលជាទិសដៅនៃអគ្គនាយកដ្ឋានកាំកុងត្រូល តម្រូវឲ្យគ្រប់បណ្តាសាខាកាំកុងត្រូលគ្រប់ខេត្ដ ទូទាំងប្រទេសកម្ពុជា ដាក់មន្ត្រីជំនាញប្រចាំការតាមដានត្រួតពិនិត្យ សុវត្ថិភាពចំណីអាហារ នៅតាមទីផ្សារសំខាន់។
លោក ជា ប៉ិច ប្រធានក្រុមការងារទីផ្សារ នៃស្នាក់ការកាំកុងត្រូលសាខាខេត្ដព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ជារៀងរាល់សប្តាហ៍ កាំកុងត្រូលសាខាខេត្តព្រះសីហនុ តែងតែបាននិងបន្ដចុះផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារ ធ្វើការត្រួតពិនិត្យ គុណភាពទំនិញនៅលើបណ្ដាទីផ្សារនានា ដើម្បីធានាសុវត្ថិភាពចំណីអាហារ ដែលជាទិសដៅនៃអគ្គនាយកដ្ឋានកាំកុងត្រូល តម្រូវឲ្យគ្រប់បណ្តាសាខាកាំកុងត្រូលគ្រប់ខេត្ដទូទាំង។
ដោយឡែកចាប់ពីថ្ងៃនេះ សាខាកាំកុងត្រូលខេត្ដព្រះសីហនុ បានរៀបចំដាក់មន្ត្រីជំនាញប្រចាំការ នៅក្នុងផ្សារលើក្រុងព្រះសីហនុ ដើម្បីតាមដានត្រួតពិនិត្យ គុណភាពទំនិញ ផ្សព្វផ្សាយណែនាំ និងបកស្រាយពន្យល់រាល់ចម្ងល់នានាទាក់ទងទៅនឹងសុវត្ថិភាពចំណីអាហារជូនសារធារណៈជន ចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសៅរ៍ ហើយនឹងបន្ដដាក់ពង្រាយមន្ត្រីជំនាញនៅតាមផ្សារផ្សេងៗទៀត នៅខេត្ដព្រះសីហនុ ដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្ដរជាតិ ដែលមកលេងនៅខេត្ដនេះ។
លោក រ៉ូហ្សា ប្រជាពលរដ្ឋរស់នៅសង្កាត់៤ ក្រុងព្រះសីហនុ បានសម្ដែងការរីករាយចំពោះសកម្មភាពមន្ត្រីជំនាញកាំកុងត្រូល និងស្ថាប័នពាក់ព័ន្ធ ដែលបានធ្វើសកម្មភាពចុះត្រួតពិនិត្យគុណភាពទំនិញ ធ្វើតេស្ដរកសារធាតុគីមីនៅក្នុងគ្រឿងហូបចុក ដូចជាមឹក បង្គា បន្លែបង្កា ជាដើម។ល។ លោកស្នើឲ្យមន្ត្រីជំនាញ បន្ដសកម្មភាពនេះឲ្យបានគ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីសុវត្ថិភាព និងសុខភាពអ្នកប្រើប្រាស់ ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងប្រទេសផងដែរ។
ទោះបីជាលទ្ធផលចុះផ្សារថ្ងៃនេះមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ ធ្វើតេស្ដបឋមរកមិនឃើញសារធាតុគីមី នៅក្នុងទំនិញគ្រឿងហូបចុក ឬទំនិញខូចគុណភាពក្ដី ក៏មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តព្រះសីហនុ នៅតែបន្ដអំពាវនាវឲ្យមានការចូលរួមពីក្រុមអាជីវករលក់ដូរ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ និងសាធារណៈជនទាំងអស់រួមគ្នា ក្នុងការទប់ស្កាត់ និងបញ្ឈប់ការប្រើប្រាស់សារធាតុគីមី នៅក្នុងគ្រឿងហូបចុក លក់ដូរនូវទំនិញហួសអាយុកាលប្រើប្រាស់ ក្លែងបន្លំ ឬទំនិញខូចគុណភាព ដែលជាអំពើខុសច្បាប់ ប្រឈមនិងអាចមានទោសទណ្ឌក្នុងករណីធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី៥ មាត្រា៦៤ ចែងថា រដ្ឋហាមឃាត់ និងផ្ដន្ទាទោសជាទម្ងន់ដល់ជនណា ដែលនាំចូល ផលិត លក់ដូរគ្រឿងញៀន ទំនិញក្លែងក្លាយ ហួសរយៈពេលប្រើ ដែលប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់អ្នកប្រើ៕