(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់អាយុជីវិតកុមារកម្ពុជា តាមវីរភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន Master Suki Soup បាននាំយកថវិកា៨៨លានរៀល ជួយឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសម្រួលដល់ការព្យាបាលរបស់កុមារនៅកម្ពុជា។
ពិធីប្រគល់ និងទទួលប្រាក់មូលនិធិគន្ធបុប្ផានេះ ធ្វើឡើងក្រោមអធិបតីភាពលោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា តំណាងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាល មូលនិធិគន្ធបុប្ផាកម្ពុជា និងលោក លី សេងឃុង តំណាងក្រុមហ៊ុន Master Suki Soup រួមទាំងបុគ្គលិកនៃក្រុមហ៊ុន Master Suki Soup ជាច្រើននាក់ផងដែរ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។
លោក នង ពិសិដ្ឋ និងគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Master Suki Soup ដែលបានចំណាយថវិកា និងពេលវេលាដ៏មានតម្លៃ ចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជារបស់អ្នករាល់គ្នា និងសម្រាប់កុមារគ្រប់រូប ដើម្បីធានាដល់និរន្តរភាពនៃប្រតិបត្តិការ របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបំពេញបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលប្រកបដោយគុណភាព និងឥតគិតថ្លៃដល់កុមារ។
លោកក៏បានជូនពរឱ្យក្រុមហ៊ុន Master Suki Soup ទទួលបានជោគជ័យបន្ថែមទៀត ក្នុងការប្រកបអាជីវកម្ម និងសូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងអស់ ជួយកៀរគរថវិកាបរិច្ចាគ ពីគ្រប់មជ្ឈដ្ឋានស្របច្បាប់នានា ដើម្បីចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាអង្គភាពស្របច្បាប់តែមួយគត់ នៅក្នុងប្រទេសកម្ពុជា ក្នុងការប្រមូលថវិកាបរិច្ចាគ ដើម្បីទ្រទ្រង់ដល់កិច្ចដំណើរការដល់មន្ទីរពេទ្យគន្ធបុប្ផា សូមរួមគ្នាដើម្បីនាំមកនូវស្នាមញញឹម ដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
លោក លី សេងឃុង បានឱ្យដឹងដែរថា ការបរិច្ចាគថវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ផានៅពេលនេះ គឺជាលើកទី២ហើយ ដែលកាលលើកមុននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះបានឧបត្ថម្ភ ៨០លានរៀលម្តងរួចមកហើយ។ ការបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះ គឺវាជាការសំខាន់ណាស់ ដើម្បីជួយជាមនុស្សធម៌ជួយដល់កុមារកម្ពុជា ព្រោះដើម្បីឱ្យកុមារមានអនាគតល្អ នៅពេលខាងមុខ ហើយការជួយនេះ គឺពិតជាល្អណាស់ ដែលអាចជួយសង្គ្រោះដល់កុមារទូទាំងប្រទេស ឱ្យជៀសផុតពីជំងឺបាន ហើយមួយវិញទៀត គឺដើម្បីចូលរួមចំណែក ក្នុងការជួយលើកស្ទួយសុខុមាភាពកុមារនៅកម្ពុជា និងជាការជួយទ្រទ្រង់មន្ទីរពេទ្យនេះ ឱ្យមាននិរន្តភាព កាន់តែយូរអង្វែងតទៅមុខទៀតផងដែរ។
លោកក៏បានសំណូមពរឱ្យសប្បុរសជនទាំងអស់ សូមជួយបរិច្ចាគជួយដល់មន្ទីពេទ្យគន្ធបុប្ផាទាំងអស់គ្នា ដើម្បីជួយដល់កុមារទូទាំងប្រទេស ដែលគ្មានលទ្ធភាពព្យាបាលដោយខ្លួនឯង ដែលនេះគឺជាការដ៏ល្អណាស់ ដែលបានជួយក្មេងៗ ឱ្យមានអនាគតនៅពេលខាងមុខផងដែរ។
លោកក៏សំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់ចូលរួមចំណែក ក្នុងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជានេះ អាចចូលរួមទាំងអស់គ្នា ទៅតាមលទ្ធភាពដែលខ្លួនមាន នៅក្នុងប្រអប់មូលនិធិនៅមន្ទីរពេទ្យគន្ធបុប្ផាតែម្តង ឬក៏អាចចូលរួមតាមប្រអប់មូលនិធិគន្ធបុប្ផា នៅតាមសាខា របស់ក្រុមហ៊ុន ដែលមាននៅគ្រប់សាខាទាំងអស់ផងដែរ៕