(ភ្នំពេញ)៖ ដោយទទួលបានសិទ្ធិនាំចូលផ្ដាច់មុខពីក្រុមហ៊ុននាឡិកា MIDO មកកាន់ទីផ្សារកម្ពុជា មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន បានរៀបចំកម្មវិធីដ៏ធំមួយ ដើម្បីអបអរសាទរខួប ១០០ឆ្នាំរបស់នាឡិកាម៉ាកដ៏ល្បីនេះ គឺកម្មវិធី MIDO 100th Anniversary ដែលបានធ្វើឡើងក្នុងផ្សារទំនើប AEON សែនសុខនាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមវត្តមានលោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន និងលោក Phillippe Antille ប្រធានផ្នែកផលិត និងពិនិត្យគុណភាពនាឡិកា MIDO រួមទាំងតំណាងចែកចាយ និងអតិថិជនជាច្រើនទៀត។
កម្មវិធីនេះ ត្រូវបានរៀបចំយ៉ាងពិសេស តាមរយៈការតាំងបង្ហាញនូវនាឡិកា MIDO ប្រណីតៗ និងរចនាម៉ូតយ៉ាងស្រស់ស្អាត ពិសេសគឺការបង្ហាញនាឡិកា MIDO ៣ម៉ូដែលជាមួយនឹងការវិវត្ដន៍ ៣សម័យកាលខុសៗគ្នា ដោយផ្អែកទៅលើគោលដៅ ៣គឺ «អតីតកាល បច្ចុប្បន្នកាល និងអនាគត» ដើម្បីបង្ហាញអំពីដំណើរការផលិតឥតឈប់ឈរ ក៏ដូចជាកិត្តិសព្ទដ៏ល្បីល្បាញរបស់ខ្លួនរួមមានម៉ូដែលឆ្នាំ១៩១៨ ឆ្នាំ២០១៨ និងឆ្នាំ២១១៨។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ ក៏មានការសម្ដែងតន្ដ្រីបែប Acoustic ការបង្ហាញម៉ូតបុរស-នារីចម្រុះជាតិសាសន៍ និងការចាប់រង្វាន់អនុស្សាវរីយ៍ជាច្រើនផងដែរ។
លោក Phillippe Antille បានថ្លែងថា MIDO ត្រូវបានបង្កើតតាំងពីឆ្នាំ១៩១៨ នៅទីក្រុង LE LOCLE ចំកណ្ដាលភ្នំ JURA ប្រទេសស្វីស ដោយលោក Georges Schaeren។ ដោយឈរលើទិសដៅវែងឆ្ងាយនាពេលអនាគត ក្រុមហ៊ុនបានពង្រីកខ្លួនកាន់តែធំឡើងៗ ជាក់ស្ដែងក្នុងឆ្នាំ២០១៨ ដែលជាគម្រប់ខួប ១០០ឆ្នាំនេះ ក្រុមហ៊ុនបានពង្រីកទីផ្សារលើពិភពលោកជាច្រើនប្រទេស រួមទាំងកម្ពុជាផងដែរ ហើយលោកបានសម្ដែងការថ្លែងអំណរគុណជាខ្លាំង ចំពោះអតិថិជនកម្ពុជា ដែលផ្ដល់ទំនុកចិត្ត និងគាំទ្រផលិតផលនាឡិកា MIDO របស់ខ្លួនតាំងពីដើមរៀងមក។
លោកបន្ដថា «អស់រយ:កាល ១សតវត្សរ៍មកនេះ MIDO បានជាប់ក្នុងស្ដង់ដារសកល ក្នុងវិស័យផលិត នាឡិកាអូតូម៉ាទិចរបស់ SWISS។ នាឡិកា MIDO ត្រូវបានចែកចាយដល់តំណាងលក់ ប្រមាណ ២,៧០០កន្លែង ស្មើនឹង ៧០ប្រទេសលើពិភពលោក។ ស្លាកសញ្ញានេះ គឺជាផ្នែកមួយនៃក្រុមហ៊ុន Swatch Group ដ៏ធំ ដែលឈានមុខគេផ្នែកឧស្សាហកម្មនាឡិកាស្វីសដ៏ល្បីល្បាញនៅក្នុងពិភពលោក ហើយក្រុមហ៊ុនយើងប្ដេជ្ញានឹងបន្ដផលិតនាឡិកា ដោយរចនាម៉ូត ការបញ្ចូលវត្ថុធាតុដើមមានគុណភាព និងបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជនលើពិភពលោក»៕