(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃអង្គារ ៥រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអនុញ្ញាតឱ្យលោក Amphay KINDAVONG ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
នៅក្នុងឱកាសនោះ លោក Amphay KINDAVONG បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យលោកចូលជួបសម្តែងការគួរសមនាពេលនេះ។
លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ដោយសារតែមានការរៀបចំយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក Amphay KINDAVONG មានសេចក្តីសង្ឃឹថា ប្រទេសទាំងពីរ នឹងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងវិនិយោគ ក្នុងនាមជាប្រទេសដែលមានភូមិផងរបងជាប់មួយគ្នា។
ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ចំពោះវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានភាពប្រហាក់ប្រហែលគ្នា ប៉ុន្តែប្រទេសកម្ពុជាមានការនាំចេញច្រើនជាងប្រទេសឡាវ ហេតុដូចនេះ លោកមានបណងចង់ស្វែងយល់អំពី ការនាំចេញរបស់ប្រទេសកម្ពុជា ដើម្បីយកទៅផ្សព្វផ្សាយនៅប្រទេសឡាវ។
លោក Amphay KINDAVONG បានបញ្ជាក់ជូនសម្តេចប្រធានព្រឹទ្ធសភាថា លោកបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចជាផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅដើមខែធ្នូខាងមុខនេះ។
តាមរយៈដំណើរទស្សនកិច្ចនេះ លោកសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកាន់តែ ប្រសើរឡើងថែមទៀត។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះលោក Amphay KINDAVONG ដែលត្រូវបានរដ្ឋាភិបាលឡាវ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសឡាវ ប្រចាំកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា លោកឯកអគ្គរដ្ឋទូត នឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនអំពី ការរីកចម្រើន និងការទទួលបានជ័យជម្នះក្នុងការបោះឆ្នោតក្នុងពេលកន្លងទៅនេះ និងវាយតម្លែខ្ពស់ចំពោះទំនាក់ទំនង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបានយ៉ាងល្អ វាងប្រទេសទាំងពីរកម្ពុជា-ឡាវ។ ជាមួយគ្នានេះដែរ ក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជា-ឡាវ ក៏មានកិច្ចសហប្រតិបត្តិការល្អគួរជាទីមោទនៈ ដោយបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ ការចូលរួមប្រជុំទៀងទាត់រវាងសភាប្រទេសទាំង៣ (កម្ពុជា ឡាវ និងវៀតណាម CLV) ព្រមទាំងគាំទ្រគ្នាលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌ AIPA IPU និង APPF។
សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយនឹងលោកឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតឡាវប្រចាំកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងនាំផលប្រយោជន៍ដ៏ធំធេ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕