(សៀមរាប)៖ មន្រ្តីសាខាកាំកុត្រូលខេត្តសៀមរាប និងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅក្នុង ផ្សារញ៉ែ (តាភុល) ដែលមានទីតាំងនៅ ភូមិតាភុល ឃុំ ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុត្រូលខេត្តសៀមរាប និងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងឱកាសចុះអង្កេតទំនិញ នៅផ្សារញ៉ែ (តាភុល) មន្រ្ដីរបស់លោកបានធ្វើការវិភាគជាបឋម ដោយប្រើតេស្ដឃីត លើផលិតផលម្ហូបអាហារ បន្លែ និងផ្លែឈើ ចំនួន១៣គំរូ ដូចជា សណ្តែកបណ្តុះ, លត, គុយទាវភ្នំពេញ, ជ្រក់ស្ពៃ, តៅហ៊ូ, ជ្រក់មម៉ាញ, ខ្ញីហាន់, ផ្អក, នំបញ្ចុក, ទំពាំងបាយជូ, មៀន, ឡុងកុង, សាវម៉ាវ។ ជាលទ្ធផល មន្រ្ដីរបស់លោករកពុំឃើញមានវត្តមានសារធាតុគីមីហាមឃាត់ ក្នុងផលិតផលទាំងនោះឡើយ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែម សារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។
ជាមួយគ្នានោះ មន្រ្តីជំនាញបានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹងអំពី សុវត្ថិភាពម្ហូបអាហារ ពិសេស សូមកុំផលិត ឬយកទំនិញគ្មានគុណភាព ឬមានសារធាតុគីមីហាមឃាត់ មកដាក់តាំងលក់ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់៕