(ត្បូងឃ្មុំ)៖ ក្នុងដំណើរការដេញថ្លៃគម្រោងមូលនិធិ ឃុំ-សង្កាត់កន្លងមក នៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានអ្នកដែលចូលរួមដេញថ្លៃនោះ លួចបង្ហើបថា ដំណើរការដេញថ្លៃភាគច្រើន អ្នកទទួលការដេញថ្លៃ តែងតែមានការឃុបឃិតគ្នា និងប្រព្រឹត្តអំពើពុករលួយ ហើយការចូលដេញថ្លៃ គ្រាន់តែជាការដាក់សំណើរបង្គ្រប់ឲ្យគ្នាតែប៉ុណ្ណោះ បន្ទាប់ពីបានចរចាគ្នា ផ្តល់ទឹកតែឲ្យគ្នា លុះក្រោយពីដេញថ្លៃរួច ទើបពួកគេ នាំគ្នាទៅណាត់ជួបចែកទឹកតែគ្នាតាមទីអារាម ឬតាមចម្ការកៅស៊ូជាដើម។
ជាក់ស្តែងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គម្រោងមូលនិធិឃុំ-សង្កាត់ចំនួន៥ ត្រូវបានដាក់ឲ្យដេញថ្លៃនៅសាលាស្រុកតំបែ ក្នុងខេត្តត្បូងឃ្មុំ ហើយទាំង៥គម្រោងនេះ អ្នកទទួលការចរចា មិនត្រូវគ្នាដោយរលូននោះទេ ដូច្នេះគម្រោងចំនួន៤ គឺដេញថ្លៃប្រកបដោយមានការប្រកួតប្រជែង និងគម្រោង១ ជាគម្រោងដេញថ្លៃគ្មានតម្លាភាព ព្រោះក្នុងដំណើរការដេញថ្លៃនោះ គេសង្កេតឃើញ អ្នកចង់បានគម្រោង បានធ្វើសកម្មភាពរារាំង អូសទាញ ឃាំងឃា និងនិយាយចរចាបណ្តើរ ខណៈកំពុងដំណើរការឲ្យដាក់សំណើដេញថ្លៃរយៈពេល១០នាទី។
គម្រោងដែលគេរារាំង និងចរចាបានសម្រេចនោះ គឺគម្រោងសាងសង់ផ្លូវក្រាលគ្រួសធម្មជាតិ១ខ្សែប្រវែង៣គីឡូម៉ែត្រ នៅឃុំសេដា ទឹកប្រាក់ដាក់ឲ្យដេញថ្លៃចំនួន ១០៦.៩៦១.៣០០ រៀល មានក្រុមហ៊ុនតែ៣ទេ ចូលដាក់សំណើ ពោលគឺដេញចុះមកនៅត្រឹម ១០៤.៩០០.០០០រៀល (ចុះត្រឹមតែជាង២លានរៀលប៉ុណ្ណោះ) បានទៅលើក្រុមហ៊ុន ហង្ស សុខកួយ ដែលក្រុមហ៊ុននេះ ខំប្រឹងចរចាខ្លាំងណាស់ ជាមួយអ្នកទទួលការផ្សេង ដើម្បីកុំឲ្យគេចូលដេញប្រកួតជាមួយក្រុមហ៊ុនរបស់ខ្លួន។
ចំណែក៤គម្រោងទៀត គឺជាការដេញថ្លៃដោយមានការប្រកួតប្រជែង ក្នុងនោះ មានអ្នកទទួលការចូលដេញច្រើនក្រុមហ៊ុនមានដូចជា៖
*ទី១៖ គម្រោងឃុំចុងជាច មានក្រុមហ៊ុនចំនួន១០ ចូលដេញថ្លៃ ហើយតម្លៃដាក់ឲ្យដេញជាង ៨៣លានរៀល ដេញចុះមកត្រឹមតែជាង២៩លានរៀលប៉ុណ្ណោះ
*ទី២៖ គម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ នៅឃុំទឹកជ្រៅ តម្លៃដាក់ឲ្យដេញ ចំនួន ៨៣.២៥៣.០០០រៀល មានក្រុមហ៊ុនចូលដេញចំនួន៧ក្រុមហ៊ុន ហើយដេញចុះមកត្រឹមតែ ជាង១៩លានរៀលប៉ុណ្ណោះ
*ទី៣៖ គម្រោង សាងសង់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ នៅឃុំតំបែ តម្លៃដាក់ឲ្យដេញ ចំនួន ៦២.៨០៥.៥០០ រៀល មានក្រុមហ៊ុនចូលដេញចំនួន៧ដែរ ហើយដេញចុះមកត្រឹមតែ ជាង១៩លានរៀលប៉ុណ្ណោះ
*ទី៤៖ គម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ នៅឃុំគោកស្រុក តម្លៃដាក់ឲ្យដេញ ចំនួន ៨៣.៣២០.៧០០ រៀល មានក្រុមហ៊ុនចូលដេញចំនួន៨ ហើយដេញចុះមកត្រឹមតែ ជាង២៩លានរៀលប៉ុណ្ណោះ។
ដោយឡែក នៅក្នុងថ្ងៃជាមួយគ្នានេះដែរ នៅឯសាលាស្រុក ក្រូចឆ្មារ ក៏មានដាក់ឲ្យដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ចំនួន៣ ហើយទាំង៣គម្រោងនោះ គឺអ្នកទទួលការ ចូលដេញថ្លៃគ្រាន់តែបង្គ្រប់ឲ្យគ្នាប៉ុណ្ណោះ ពោលគឺមិនមែនជាការដេញថ្លៃដោយមានការប្រកួតប្រជែងនោះទេ ព្រោះថា ក្នុងដំណើរការដេញថ្លៃនោះ មានវត្តមានក្រុមហ៊ុនជាង៣០ក្រុមហ៊ុន ប៉ុន្តែឈ្មោះក្រុមហ៊ុនដែលចូលដាក់សំណើ មានតែ៣ ឬ៤ក្រុមហ៊ុនប៉ុណ្ណោះ។
ក្នុងគម្រោង១ ហើយតម្លៃដេញចុះបន្តិចបន្តួច ពីទឹកប្រាក់ប៉ាន់ស្មាន ដែលចំនួនទឹកប្រាក់ គឺខុសគ្នាដាច់ឆ្ងាយពីការដេញថ្លៃ ដោយប្រកួតប្រជែង ដូចជា៖
*ទី១៖ គម្រោងសង់ផ្លូវក្រាលគ្រួសធម្មជាតិ១ខ្សែ នៅឃុំ រកាខ្នុរ ទឹកប្រាក់ដាក់ឲ្យដេញ ៧៤.៤៨៥.១០៤ រៀល មានក្រុមហ៊ុន៤ ដាក់សំណើ ហើយដេញចុះមកនៅជាង៧២លានរៀល
*ទី២៖ គម្រោងផ្លូវបេតុងអាមេ ប្រវែង២០០ម៉ែត្រ ទទឹង២ម៉ែត្រ នៅឃុំកោះពី ទឹកប្រាក់ប៉ាន់ស្មាន ៤៥.១៧៤.៩៤២ រៀល មានក្រុមហ៊ុន៣ ដាក់សំណើ ហើយដេញចុះមកនៅ ជាង៤៤លានរៀល
*ទី៣៖ គម្រោងផ្លូវបេតុងអាមេ១ខ្សែ នៅឃុំស្វាយឃ្លាំង ទឹកប្រាក់ប៉ាន់ស្មាន ជាង៧៣លានរៀល មានក្រុមហ៊ុន៣ ដាក់សំណើ ហើយដេញចុះមកនៅជាង៧១លានរៀល៕