(ស្វាយរៀង)៖ ដើម្បីធានាឱ្យបានសុវត្ថិភាពចំណីអាហារលោក ម៉ាន់ សុខន អនុប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីចុះពិនិត្យមុខទំនិញ ជាច្រើនមុខ ដែលបានដាក់លក់នៅក្នុងផ្សាររាត្រីក្រុងបាវិត តែមិនបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីនោះទេ ប៉ុន្តែរកឃើញទឹកដោះហួសកាលបរិច្ឆេទចំនួន១០កំប៉ុង និងមីស្រាតគ្មានសំបក វេចខ្ចប់ត្រឹមត្រូវ។
លោក ម៉ាន់ សុខន បានថ្លែងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល មន្រ្តីកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។
អនុប្រធានសាខាកាំកុងត្រូលរូបនេះ បានបន្តទៀតថា ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិតមនុស្ស។
លោកបានបញ្ជាក់ថា មន្ត្រីជំនាញបានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងនោះបាននាំឧបករណ៍ Test kits ដែលអាចធ្វើការវិភាគបឋម នៅនឹងកន្លែងដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ក្នុងផ្សាររាត្រីក្រុងបាវិត បានធ្វើតេស្តទៅលើផ្លែឈើជាច្រើនមុខដោយ ពុំបានរកឃើញសារធាតុគីមីនោះទេ។
ជាមួយគ្នានោះ អនុប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឱ្យបានច្បាស់លាស់មុន ទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូលនឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានញឹកញាប់បន្ថែមទៀត៕