(ស៊ឺណែវ, ស្វីស)៖ ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញ អំពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឲ្យអស់ត្រឹមឆ្នាំ២០២៥។
ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋភាគីលើកទី១៧ នៃ អនុសញ្ញាស្តីពី ការហាមឃាត់ការប្រើប្រាស់ រក្សាទុកគ្រាប់មីន នៅទីក្រុងស៊ឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងកិច្ចប្រជុំទេសរដ្ឋមន្រ្តី បានជម្រាបដល់ប្រទេសជាសមាជិក នៃអនុសញ្ញាអូតាវ៉ាអំពីការវិវត្តន៍វិស័យសកម្មភាពមីន និងការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនៈដ៏វែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាមឲ្យអស់ត្រឹមឆ្នាំ២០២៥។
ជាមួយគ្នានោះលោកទេសរដ្ឋមន្រ្តី ក៏បានជួបប្រជុំទ្វេរភាគីជាមួយប្រទេស ម្ចាស់ជំនួយ និងដៃគូរអភិវឌ្ឍន៍ជាច្រើន ដូចជា៖ អូស្រ្តាលី កាណាដា ។ល។ ដើម្បីកៀគរធនធានបន្ថែមទៀត សម្រាប់ចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះនៅប្រទេសកម្ពុជា។
ជាងនេះទៅទៀត ទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ប្រទេសម្ចាស់ជំនួយ និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ជំនួយ បោសសម្អាតមីនមនុស្សធម៌ និងការគាំទ្រដល់ផែនការបោសសម្អាតមីនឲ្យអស់នៅកម្ពុជាត្រឹមឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា៕