(បន្ទាយមានជ័យ)៖ មន្រ្តីកាំកុងត្រូល, មន្រ្តីពាណិជ្ជកម្ម និងរដ្ឋបាលក្រុងប៉ោយប៉ែត បានណែនាំដល់អាជីវកខ្មែរ ថៃ និងចិនទាំងអស់ ដែលកំពុងប្រកបអាជីវកម្មនៅតាមកាស៊ីណូ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវនាំគ្នាចូលរួមលើកតម្កើនរូបិយបណ្ណកម្ពុជា ហើយក៏បានថ្លែងព្រមានទុកពេលរយៈ១ខែផងដែរ សម្រាប់កិច្ចការងារនេះ បើមិនដូច្នេះទេ អាជីវកម្មរបស់ខ្លួនអាចប្រឈមនឹងការបិទ រួចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ការណែនាំទាំងនេះ ដោយសារតែក្រុមអាជីវករទាំងនោះ មិនបានអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ដែលតម្រូវឲ្យក្រុមអាជីវករត្រូវបិតស្លាកតម្លៃលើមុខទំនិញរបស់ខ្លួន។
លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងប្រាប់ Fresh News ថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមមន្រ្តីបានចុះទៅពិនិត្យការលក់ដូរនៅតាមតូប ដោយបានពិនិត្យលើការបិតស្លាកតម្លៃ លើមុខទំនិញគ្រប់ប្រភេទតបការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។
ប្រធានកាំកុងត្រូលរូបនេះ បានបន្តថា «មន្រ្តីជំនាញអនុវត្តឱ្យមានការសរសេររាយមុខទំនិញតាំងលក់ក្នុងផ្សារម៉ាត ឬទីតាំងលក់ទំនិញយោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្តីពី ការបិទស្លាកលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ ដើម្បីលើកស្ទួយប្រាក់រៀលខ្មែរ ដោយធានាដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរី និងការប្រកួតប្រជែងដោយសមធម៌»។
ជាមួយគ្នានេះដែរ លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ក៏បានថ្លែងថា អាជីវកខ្មែរ ថៃ និងចិនដែលកំពុងប្រកបអាជីវកម្មទាំងអស់នៅលើទឹកដីកម្ពុជា សម្រាប់ជនបរទេស ត្រូវតែស្នើសុំច្បាប់ការអនុញ្ញាតពីមន្ទីរពាណិជ្ជកម្ម ឬច្រកចេញចូលតែមួយ តាមបណ្តាស្រុក-ក្រុង ភ្ជាប់ជាមួយលិខិតឆ្លងដែន ដែលមានប្រកបអាជីវកម្ម មិនមែនប្រភេទលិខិតឆ្លងដែនទេសចរណ៍ , មានប័ណ្ណកិច្ចសន្យាជួលតូប ផ្ទះ អគារ ហើយមន្រ្តីនឹងចេញច្បាប់ការអនុញ្ញាតភ្លាមៗ ព្រមទាំងអប់រំដល់អាជីវកទាំងអស់ឱ្យប្រើប្រាស់ប្រាក់រៀល និងបិតលើមុខទំនិញ។
លោក ខាត់ ធា នាយករងរដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានអំពាវនាដល់អាជីវកគ្រប់រូប គ្រប់ជាតិសាសន៍ត្រូវទៅសុំច្បាប់អនុញ្ញាធ្វើអាជីវកម្មតាមច្រកចេញចូលតែមួយ ក៏ដូចជា មន្ទីរតាមទំហំមុខទំនិញដែរខ្លួនបានលក់ដូរ៕