(អន្លង់វែង, ឧត្តរមានជ័យ)៖ ផ្ទះតាម៉ុកនៅលើខ្នងភ្នំដងរែក ដែលជាស្លាកស្នាមប្រវត្តិសាស្ត្រមួយ រួមនឹងសម្រស់ធម្មជាតិលើខ្នងភ្នំដងរែកផងនោះ បានក្លាយទៅជាកន្លែងទាក់ទាញមួយសម្រាប់អ្នកទេសចរណ៍នាពេលបច្ចុប្បន្ន។
បច្ចុប្បន្ននៅតំបន់នេះ បើទោះបីផ្ទះតាម៉ុកចាស់ត្រូវបានខូចខាតទៅហើយក្តី តែត្រូវបានគេកសាងឡើងជាថ្មី ដែលមានភិនភាគដូចទៅនឹងផ្ទះដើមផងដែរ។ ក្រៅពីនោះក៏មានការរៀបចំឲ្យមានព័ត៌មានផ្សេងៗពាក់ព័ន្ធរឿងរ៉ាវរបស់តាម៉ុកពីមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ។
បន្ថែមពីលើស្លាកស្នាមប្រវត្តិសាស្ត្រនេះទៅនៅតំបន់នោះ គេក៏អាចឈរគយគន់សម្រស់ធម្មជាតិពីលើកំពូលភ្នំទៅកាន់ទីរួមស្រុកអន្លង់វែង និងទៅតំបន់ផ្សេងៗទៀត។ បន្ថែមពីលើនោះ បច្ចុប្បន្នតំបន់នោះ ក៏មានការបង្កើតជារមណីយដ្ឋាន ដោយមានការសាងសង់ផ្ទះសំណាក់ និងលក់ម្ហូបអាហារសម្រាប់ភ្ញៀវទេសចរផងដែរ។
លោក ខេមរា ដែលជាអ្នកបានទៅដល់តំបន់នោះតាំងពីឆ្នាំ១៩៩៩ និងជាម្ចាស់រមណីយដ្ឋាន «ពយតារួន» បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា បច្ចុប្បន្នតំបន់នោះមានការចាប់អារម្មណ៍ខ្ពស់ពីអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ ជាពិសេសពួកគេចង់ទស្សនាផ្ទះតាម៉ុក ក៏ដូចជាព័ត៌មានផ្សេងៗពាក់ព័ន្ធអតីតមេដឹកនាំខ្មែរក្រហម។
បើតាមលោក ខេមរា នៅតំបន់រមណិយដ្ឋានលើខ្នងភ្នំដងរែក «ពយតារួន» ក៏ដូចជាកន្លែងផ្ទះតាម៉ុកនេះ ទទួលបានភ្ញៀវទេសចរបានប្រមាណជា ២០០នាក់ក្នុងមួយខែ។
សូមបញ្ជាក់ថា នៅក្នុងស្រុកអន្លង់វែងនេះ ក្រៅពីផ្ទះតាម៉ុក លើខ្នងភ្នំដងរែកនេះ អ្នកទេសចរក៏អាចអញ្ជើញទៅទស្សនាច្រកព្រំដែន កន្លែងដុតខ្មោចប៉ុលពត កន្លែងកាត់ទោសប៉ុលពត ផ្ទះតាម៉ុកលើកណ្តាលភ្នំដងរែក កន្លែងកែច្នៃគ្រាប់កាំភ្លើងលើភ្នំ២០០ ផ្ទះប៉ុលពត ខៀវសំផន ឃ្លាំងដាក់សម្ភារៈជើងភ្នំ កន្លែងដុតខ្មោច សុន សេន ស្រែគំរូ ទីតាំងការដ្ឋានដឹកជញ្ជូនតាម៉ុក បឹងអន្លង់វែង ផ្ទះតាម៉ុក សារៈមន្ទីរតាម៉ុក អតីតមន្ទីរពេទ្យតាម៉ុក អតីតទីតាំងសាលារៀនតាម៉ុក ស្ពានតាម៉ុកជាដើម។
បច្ចុប្បន្ននេះ នៅច្រកព្រំដែនជាំ ក្នុងស្រុកអន្លង់វែងនោះ ក៏មានសណ្ឋាគារទំនើបមួយសម្រាប់ទទួលភ្ញៀវទេសចរផងដែរ៕