Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ​ព្យុះ USAGI ដែលកំពុងស្ថិតនៅប្រទេសកម្ពុជា បានក្លាយជាសម្ពាធទាប ដែលធ្វើឲ្យខ្យល់ និងភ្លៀងមានការថយចុះ (Video Inside)

27-11-2018 09:43

(ភ្នំពេញ)៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក ប្រាប់មកអង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ព្យុះ USAGI ដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជានេះ បានក្លាយជាសម្ពាធទាបហើយ ដែលធ្វើឲ្យឥទ្ធិពលខ្យល់ និងភ្លៀងមានការថយចុះ មិនមានអ្វីដែលត្រូវឲ្យព្រួយបារម្ភខ្លាំងនោះទេ ជាពិសេសនៅតំបន់ភាគខាងត្បូងប្រទេសកម្ពុជា។

មន្ដ្រីជាន់ខ្ពស់ក្រសួងធនធានទឹករូបនេះ បានបញ្ជាក់ទៀតថា ព្យុះ USAGI នៅពេលដែលស្ថិតឆ្នេរសមុទ្រប្រទេសវៀតណាម គឺជាព្យុះទីហ្វុង ប៉ុន្ដែនៅពេលធ្វើដំណើរមកដល់ព្រំដែនប្រទេសកម្ពុជា-វៀតណាម ព្យុះនេះបានវិវឌ្ឍន៍ខ្លួនទៅជាវិសម្ពាធ (TD) ហើយនៅពេលនេះទៀតសោត ព្យុះនេះបានក្លាយទៅជាសម្ពាធទាបតែម្ដង ដែលធ្វើឲ្យភ្លៀង និងខ្យល់ នៅតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា មានការថមថយ។

បើតាមលោក ចាន់ យុត្ថា សម្ពាធទាបនេះ នឹងបន្ដគ្របបណ្ដប់ និងជះឥទ្ធិពលនៅតំបន់ទំនាបកណ្ដាលភាគពាយ្យ និងខ្ពង់រាបភាគខាងជើង នៃប្រទេសកម្ពុជាវិញម្ដង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកាស្អែកនេះ ដែលធ្វើឲ្យអាកាសធាតុនៅបន្ដអួរអាប់។

ជាមួយគ្នានោះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែវិច្ឆិកា ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើង ជាយថាហេតុផងដែរ៕