(ភ្នំពេញ)៖ ភាពយន្ដកីឡាលើកដំបូងរបស់កម្ពុជា ដែលរៀបរាប់ពីខ្សែជីវិតពិត និងការតស៊ូរបស់កីឡាចំបាប់ មានចំណងជើងថា «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» បានឈ្នះពានរង្វាន់ពិសេសជាងគេ ក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ ឆ្នាំ២០១៨ នៅប្រទេសកេនយ៉ា(Kenya International Sports Film Festival 2018) ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កម្មវិធីខាងលើ បានរៀបចំរយៈពេល ៤ថ្ងៃ កាលពីថ្ងៃទី២២-២៥ ខែវិច្ឆិកា នៅប្រទេសកេនយ៉ា ដោយបណ្ដាប្រទេសលើពិភពលោក បាននាំយកខ្សែភាពយន្ដបែបឯកសារកីឡាជាច្រើន ទៅធ្វើការប្រកួតប្រជែង ។ ប៉ុន្ដែនេះគឺជាលើកទី១ ហើយ ដែលកម្ពុជាបានចូលរួមកម្មវិធីនេះ តាមរយៈភាពយន្ដរឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» ដែលជាខ្សែភាពយន្ដឯកសារកីឡាលើកដំបូងរបស់កម្ពុជា និងដឹកនាំទៅប្រកួតប្រជែងដោយផលិតករជនជាតិឥណ្ឌា លោក Manish Sharma ។

លោកថា «ថ្មីៗនេះលោក Manish Sharma បានយកខ្សែភាពយន្ដឯកសាររបស់យើង ទៅប្រកួតប្រជែង នៅកេនយ៉ា អំពីការដាក់បង្ហាញខ្សែភាពយន្ដ ស្ដីពីកីឡា ក្នុងនោះយើងបានឈ្នះពានមួយ ដែលជាពានពិសេសពីគណៈកម្មការរៀបចំកម្មវិធី Kenya International Sports Film Festival 2018 ក្នុងនាមភាពយន្ដមានលក្ខណៈល្អប្រសើរជាងគេ ក្នុងចំណោមភាពយន្ដដាក់ប្រកួតប្រជែង ។ នេះគឺជាមោទនភាពមួយ សម្រាប់ប្រទេសជាតិ និងកីឡាចំបាប់កម្ពុជា ដែលខ្សែភាពយន្ដផ្នែកកីឡាទី១ របស់យើង ទទួលបានជ័យលាភីពេលនេះ» ។

សមិទ្ធិផលខាងលើ បានធ្វើឲ្យលោកបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ក្នុងការបន្ដសហការជាមួយផលិតករបរទេស និងក្នុងស្រុក ដើម្បីបន្ដផលិតខ្សែភាពយន្ដឯកសារកីឡាបន្ថែមទៀត ពិសេសពាក់ព័ន្ធកីឡាបែបប្រពៃណីរបស់កម្ពុជា ដូចជាប្រដាល់គុនខ្មែរ ល្បុក្កតោ អុកចត្រង្គ និងកីឡាផ្សេងៗជាច្រើនទៀត ដើម្បីបង្ហាញពីវីរភាពរបស់កីឡាករ-កីឡាការិនីកម្ពុជា ដែលតែងតែតស៊ូក្នុងឆាកជីវិត មិនថាជីវភាពរស់នៅធម្មតា ឬអ្នកកីឡា ។ មិនតែប៉ុណ្ណោះ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ក៏បានគាំទ្រការបន្ដផលិតខ្សែភាពយន្ដឯកសារកីឡារបស់កម្ពុជាផងដែរ ។

គួរបញ្ជាក់ថា ភាពយន្ដរឿង “បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ” បានចាប់ផ្ដើមថត កាលពីដើមឆ្នាំ២០១៧ ហើយបញ្ចប់ការផលិតនៅចុងឆ្នាំដដែល ក្រោមការចុះអនុស្សារណៈយោគយល់គ្នាក្នុងការផលិត រវាង NOCC ជាមួយក្រុមហ៊ុនភាពយន្ដឥណ្ឌារបស់លោក Manish Sharma ដោយចំណាយថវិកាជាង ២៥ម៉ឺនដុល្លារ ។ ភាពយន្ដនេះ គឺជាសាច់រឿងពិតរបស់គ្រួសារកីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា នី សំណាង ដែលបានតស៊ូ និងជម្នះឧបសគ្គជាច្រើន ដើម្បីសម្រេចបំណងប្រាថ្នារបស់ឪពុក អតីតកីឡាករចំបាប់ជើងខ្លាំងកម្ពុជា ដែលចង់ឲ្យកូនស្រីខ្លួន បន្ដវេនជាមួយប្រភេទកីឡាបន្យល់ទុកពីបុព្វបុរសខ្មែរនេះ ៕