(ភ្នំពេញ)៖ លោក សុង សារ៉ន ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដែលជាសហព័ន្ធទើបចាប់កំណើតនៅដើមខែវិច្ឆិកានេះ បានរៀបរាប់ថា ការកកើតសហព័ន្ធម្រេចនេះ មិនត្រឹមតែផ្ដល់ប្រយោជន៍ ដល់ប្រជាកសិករប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយដល់បង្កើតទីផ្សារម្រេចផងដែរ។

ការលើកឡើងបែបនេះរបស់លោក សុង សារ៉ន ធ្វើឡើងក្នុងសម្ភាសន៍ជាមួយលោក ប៉ា ជេដ្ឋា និពន្ធនាយករង Fresh News ទទួលបន្ទុកព័ត៌មានសេដ្ឋកិច្ច នៃកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ។

លោក សុង សារ៉ន លើកឡើងថា ផ្អែកតាមទិន្ន័យរបស់ក្រសួងកសិកម្ម កម្ពុជាមានម្រេចជិត២ម៉ឺនតោនត្រូវបានផលិត ដោយឡែកបើផ្អែកលើទិន្នន័យក្នុងប្រទេសវៀតណាម បានបញ្ជាក់ថា វៀតណាមបានបញ្ជាទិញម្រេចពីកម្ពុជា២៥,០០០តោនក្នុង១ឆ្នាំ ហើយចំនួននេះក៏មិនមានភាពប្រាកដប្រជានៅឡើយ ដែលតម្រូវឲ្យសហព័ន្ធប្រមូលទិន្នន័យជាក់លាក់។

លោកបញ្ជាក់ថា «បន្ទាប់ពីមានសហព័ន្ធម្រេច និងគ្រឿងទេសនេះ កម្ពុជានឹងមិនពឹងផ្អែកទាំងស្រុងលើ ទីផ្សារវៀតណាមទៀតឡើយ ព្រោះមានជម្រើសទីផ្សារច្រើនដូចជា៖ សហគមន៍អឺរ៉ុប, ឌូបៃ, អារ៉ាប់ និងទីផ្សារសហរដ្ឋអាមេរិកជាដើម។ ទីផ្សារទាំងនេះមានតួនាទីសំខាន់ណាស់ ក្នុងចលនាទទួលទានម្រេចលើពិភពលោក ដោយក្ដោបបានជាង៨០ភាគរយ លើទីផ្សារសរុបម្រេច»។

លោកបន្ដទៀតថា ចំណែកឯទីផ្សារដែលកំពុងលេចធ្លោរមួយទៀតនោះ គឺទីផ្សាររបស់ប្រទេសចិន ហើយជាទីផ្សារថ្មី ដែលកំពុងកើនឡើងនៃទីផ្សារម្រេចនេះ។

លោកថា «ខ្ញុំជឿជាក់ថាចិននឹងងាកមកចាប់អារម្មណ៍ លើទីផ្សារម្រេចរបស់កម្ពុជា ព្រមទាំងបញ្ជាទិញម្រេចពីកម្ពុជា។ ដើម្បីនាំចូលម្រេចទៅក្នុងប្រទេសចិន បានកម្ពុជាត្រូវមានជាយុទ្ធសាស្រ្ដ ដែលសហព័ន្ធនឹងលើកយកពិភាក្សាជាមួយសមាជិក»។

លោកថា ម្រេចរបស់កម្ពុជាមានសក្ដានុពលខ្លាំង ដែលត្រូវ​បានចាត់ទុកថាជាម្រេច ដែលប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ដល់អ្នកទទួលទាន៕

សូមទស្សនាវីដេអូនៃកិច្ចសម្ភាសន៍ទាំងស្រុង៖