(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសថា បញ្ជីបោះឆ្នោតដំបូងឆ្នាំ២០១៨ និងឈ្មោះអ្នកដែលត្រូវលុប ចេញពីបញ្ជីបោះឆ្នោតតាមឃុំសង្កាត់ ត្រូវបានបិទផ្សាយនៅតាមសាលាឃុំសង្កាត់ និងនៅតាមទីសាធារណៈណាមួយ ក្នុងឃុំសង្កាត់ព្រមៗគ្នាទាំង១,៦៤៦ ទូទាំងប្រទេសនៅថ្ងៃនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។
សេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បានឲ្យដឹងទៀតថា ការបិទផ្សាយបញ្ជីទាំងពីរនេះ គឺបើកផ្លូវឲ្យប្រជាពលរដ្ឋមានសិទ្ធិប្តឹងតវ៉ា ឬ/និងដាក់ពាក្យបណ្តឹងជំទាស់ ជាលាយលក្ខណ៍អក្សរ ទៅក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងរយៈពេលយ៉ាងយូរ៥ថ្ងៃ (ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨) បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។ ក្នុងករណីអ្នកប្តឹងតវ៉ា ឬ/និងអ្នកប្តឹងជំទាស់មិនពេញចិត្ត ទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំសង្កាត់ អាចប្តឹងទៅគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញតាមច្បាប់កំណត់។
សូមជម្រាបថា សរុបអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៨ មានចំនួន៨,៥៤៧,២៩៩នាក់ និងអ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៩៥,៣៨៥នាក់។ ជាមួយគ្នានេះ ឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥៦,៩៤១នាក់ ហើយអ្នកដែលបានកែតម្រូវឈ្មោះ និងទិន្នន័យមានចំនួន ១,៥៥៣នាក់។
បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នក ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំសង្កាត់នីមួយៗ ក្រៅពីការបិទផ្សាយនៅតាមសាលាឃុំសង្កាត់ ទូទាំងប្រទេស បញ្ជីនេះក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប www.voterlist.org.kh ឬអាចស្វែងរកតាមរយៈទូរស័ព្ទដៃ Voterlist KH (app) ផងដែរ៕