(តាកែវ)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហការជាមួយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខត្តតាកែវ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការចុះទៅបង្ក្រាប និងចាប់ខ្លួនជនជាតិចិន មួយក្រុមធំមានចំនួន២៣៥នាក់ (ស្រី៣៦) ដែលជាប់ពាក់ព័ន្ធករណី Voip។
ក្រុមជនជាតិចិនទាំងនេះ បានលួចលាក់ប្រព្រឹត្តបទល្មើសមួយនេះ ដែលនិយាយស្រួលស្តាប់ទៅ គឺចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ស្ថិតនៅស្រុកត្រាំកក់ និងស្រុកបាទី ខេត្តតាកែវ ដោយនៅ៤ទីតាំងផ្សេងគ្នាក្នុងនោះ៖
*ទីតាំងទី១៖ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនចំនួន៦៣នាក់ ស្រី០៧នាក់
*ទីតាំងទី២៖ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់(ប្រុស)
*ទីតាំងទី៣៖ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន៧០នាក់ ស្រី២៤នាក់
*ទីតាំងទី៤៖ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនចំនួន ៩០នាក់ ស្រី០៥នាក់ សរុបទាំង០៤ទីតាំង ចំនួន២៣៥នាក់ ស្រី៣៦នាក់។
មន្រ្តីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា បន្ទាប់ពីមានព័ត៌មានសេចក្តីរាយការណ៍ពីកម្លាំង ជំនាញ នៃការលួចប្រព្រឹត្តបទល្មើសរបស់ជនជាតិចិនទាំងនេះ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដឹកនាំបញ្ជាកម្លាំងដោយលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោ សុខ សំណាង បានចុះទៅស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាប ជាក់ស្តែងតែម្តង ជាលទ្ធផល ចាប់ខ្លួនជនជាតិចិនចំនួន២៣៥នាក់ ក្នុងនោះស្រីចំនួន៣៦នាក់។
សម្រាប់ជនជាតិចិនទាំងនេះ ត្រូវបានចាប់ខ្លួន រួមជាមួយវត្ថុតាងជាច្រើន ត្រូវបានរឹបអូស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។
ជាការកត់សម្គាល់ ជនជាតិចិន និងជនជាតិបរទេសមួយចំនួនទៀត បានលួចប្រព្រឹត្តបទល្មើសចាប់ជំរិតតាមប្រព័ន្ធ Internet ដោយប្រើបច្ចេកទេសខ្ពស់ នៅក្នុងប្រទេសកម្ពុជា តាមបណ្តារាជធានី-ខេត្ត ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ធ្វើការចុះបង្ក្រាបទាន់ពេលវេលា និងបន្តស្រាវជ្រាវថែមទៀត៕