(ភ្នំពេញ)៖ ខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងមួយប្រាវ បណ្តាលឲ្យបាក់ដើមឈើធំមួយ រលំសង្កត់លើរថយន្តចំនួន៣គ្រឿង រងការខូចខាត ប៉ុន្ដែមិនប៉ះពាល់ដល់ពលរដ្ឋណាម្នាក់នោះទេ។
ហេតុការណ៍នេះ បានកើតឡើងនៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅមុនពេលកើតហេតុ មានខ្យល់កន្ត្រាក់មួយបានបក់បោកយ៉ាងខ្លាំង ដោយលាយឡំជាមួយនឹងភ្លៀងរលឹមស្រិចៗ បណ្ដាលឲ្យដើមឈើខាងលើបាក់សង្កត់ទៅលើរថយន្តចំនួន៣គ្រឿង រងការខូចខាតយ៉ាងដំណំ ប៉ុន្ដែមិនមានពលរដ្ឋណាម្នាក់រងរបួស ក្នុងហេតុការណ៍នេះឡើយ។
ភ្លាមៗប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ លោក សុខ ពេញវុធ បានបញ្ជាឲ្យកម្លាំងសន្តិសុខសាលាខណ្ឌ ចុះទៅដល់ទីតាំងកើតហេតុ និងកាប់ដើមឈើដែលបានដួលរលំសង្កត់ទៅលើរថយន្តចំនួន៣គ្រឿងនោះ ចេញពីផ្លូវ ដើម្បីកុំឲ្យមានការកក់ស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវនេះ។
ក្រោយកើតហេតុមន្ត្រីជំនាញបានយករថយន្តទាំង៣គ្រឿងខាងលើ ដែលរងការខូចខាតនោះ យកទៅធ្វើកំណត់ហេតុនៅឯសាលាខណ្ឌដូនពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមក្រោយ។
សូមជម្រាបថា ពាក់ព័ន្ធករណីខ្យល់កន្ដ្រាក់នេះ មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឥទ្ធិពលព្យុះ USAGI កំពុងតែស្ថិតនៅ ព្រំដែនកម្ពុជា-វៀតណាម គឺនៅតាមបណ្ដោយព្រំដែន ក្នុងខេត្តស្វាយវៀង និងព្រៃវែង ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅទីនោះ រហូតធ្វើឲ្យមានការព្រួយបារម្ភទេ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា ឥទ្ធិពលព្យុះ USAGI នឹងធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង២រំលងអាធា្រត្រយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មុននឹងបន្ដដំណើរទៅកាន់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង៕