(ភ្នំពេញ)៖ ដោយគិតចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០១៨នេះ អង្គការបោសសម្អាតមីនមនុស្សធម៌ ហេឡូត្រាស្ដ បានរំដោះដីឲ្យមានសុវត្ថិភាពពីមីន បានចំនួន២៨៧គីឡូម៉ែត្រក្រឡា និងបានកម្ទេចមីន និងគ្រាប់មិនទាន់ផ្ទុះ ជិតកន្លះលានគ្រាប់ ខណៈជាមធ្យមរៀងរាល់ខែ អង្គការបានកម្ទេចមីន និងគ្រាប់ចំនួន៧៦០គ្រាប់ ហើយចំនួននេះផ្ដល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាជិតមួយលាននាក់។
បច្ចុប្បន្ននេះ អង្គការហេឡូត្រាស្ត មានបុគ្គលិកសរុបជិត១,២០០នាក់ ក្នុងក្រុមប្រតិបត្តិការបោសសំអាតមីន ក្នុងខេត្តពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្ដរមានជ័យ, ព្រះវិហារ, សៀមរាប និងកោះកុង ដែលបុគ្គលិកប្រមាណ៥០ភាគរយជាច្រើនស្ដ្រី។
ជាក់ស្ដែងដើម្បីបង្កើននូវប្រសិទ្ធភាពការងារមនុស្សធម៌នេះ នៅដើមខែវិច្ឆិកា ឆ្នាំ២០១៨នេះ អង្គការបោសសម្អាតមីនមនុស្សធម៌ ហេឡូត្រាស្ត បានបើកវគ្គបណ្ដុះបណ្ដាល បុគ្គលិកបោសសម្អាតមីនថ្មីចំនួន១២៤នាក់ ហើយការពង្រីកចំនួនបុគ្គលិកបន្ថែមនេះ ដោយសារមានការកើនឡើង នៃជំនួយគាំទ្រពីបណ្តាប្រទេសជាម្ចាស់ជំនួយ ដើម្បីគាំទ្រផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ដែលបានកំណត់គោលដៅ កម្ពុជាគ្មានមីននៅឆ្នាំ២០២៥។
នាយកកម្មវិធីរបស់អង្គការហេឡូត្រាស្តប្រចាំនៅកម្ពុជា លោក Damian O’Brien បានបញ្ជាក់ថា វាពិតមានសារសំខាន់ និងជាការជំរុញលើកទឹកចិត្ត ដែលបណ្តាប្រទេសជាម្ចាស់ជំនួយ រួមមាន ចក្រភពអង់គ្លេស អាឡឺម៉ង់ អាមេរិក និងអៀកឡ៉ង់ នៅបន្តទទួលស្គាល់ពីគុណតម្លៃ នៃការបោសសម្អាតមីននៅកម្ពុជា ហើយការគាំទ្រពីប្រទេសទាំងនេះ បានធ្វើឲ្យអង្គការមានលទ្ធិភាព ពង្រាយកម្លាំងបោសម្អាតមីនបន្ថែមទៀត នៅតំបន់ដែលទទួលរងផលប៉ះពាល់ខ្លាំង ដោយសារមីន។
លោកអះអាងថា បុគ្គលិកថ្មីទាំងអស់នេះ ទទួលការបណ្តុះបណ្តាលពេញមួយខែ នៅមណ្ឌលមណ្ឌលហ្វឹកហ្វឺនក្ដិបថ្ម របស់អង្គការហេឡូត្រាស្ត ដោយបុគ្គលម្នាក់ៗ ត្រូវបានបណ្ដុះបណ្ដាលអំពីជំនាញប្រើប្រាស់ ប្រភេទម៉ាស៊ីរាវមីនផ្សេងៗ ដើម្បីកំណត់ទីតាំងសញ្ញាឮក្នុងដី និងបច្ចេកទេសជីកកាយដោយសុវត្ថិភាព ក្នុងការតាមរកសញ្ញាឮ ដើម្បីកំណត់ទីតាំងមីន។
ទន្ទឹមនឹងការបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកអគ្គរដ្ឋទូតនៃប្រទេសអាឡឺម៉ង់ Dr Ingo Karsten ក៏បានចុះមកជួបសំណេះសំណាលជាមួយបុគ្គលិកថ្មីទាំងនេះផងដែរ ដើម្បីណែនាំ និងលើកទឹកចិត្តបន្ថែម ក្នុងន័យបំពេញការងារឲ្យកាន់តែមានភាពជោគជ័យ។
លោកស្រី អេង គន្ធា ជាបុគ្គលិកថ្មីម្នាក់ ដែលកំពុងទទួលការបណ្ដុះបណ្ដាលនោះ បាននិយាយថា លោកស្រីចូលធ្វើការនៅអង្គការហេឡូត្រាស្ត ពីព្រោះចង់មានការងារធ្វើនៅកម្ពុជា ហើយលោកស្រីអាចរួមចំណែកជួយ ប្រទេសបានតាមរយៈការងារបោសសម្អាតមីន ម្យ៉ាងទៀតអង្គការហេឡូត្រាស្ត ជាអង្គការមនុស្សធម៌ បោសសម្អាតមីនដើម្បីសង្រ្គោះជីវិតមនុស្ស។
លោកស្រីអះអាងថា លោកស្រីក៏បានទទួលបណ្តុះបណ្តាលជាពេទ្យជំនួយសង្រ្គោះ និងរៀនពីរបៀបសង្រ្គោះ ជនរងគ្រោះនៅពេលគាត់ជួបគ្រោះថ្នាក់នៅក្នុងចម្ការមីនផងដែរ៕