(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈក្រុមហ៊ុន ជីប ម៉ុង បានផ្តល់ផ្លូវបេតុង១ខ្សែជូនប្រជាពលរដ្ឋ ស្រុកទ្រាំង និងស្រុកបូរីជលសារ ក្នុងខេត្តតាកែវ។ ផ្លូវនេះចាប់ចេញពីផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិត្រពាំងលើក ឃុំ៨មុំ ស្រុកទ្រាំង ទៅដល់ភូមិកំពង់ទូក និងកំពង់អំពិល ឃុំបុរីជលសារ ស្រុកបុរីជលសារ ដែលត្រូវចំណាយអស់ទឹកប្រាក់ ៦លានដុល្លារអាមេរិក។
ពិធីបើកការដ្ឋានសាងសង់ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមជាអធិបតីពី ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ។
លោកឧកញ៉ា លាង ឃុន បានថ្លែងថា លោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលទទួលបានកិត្តិយស នាំចំណងដៃដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកជូនប្រជាពលរដ្ឋនៅខេត្តតាកែវទាំងអស់ តាមរយៈការរៀបចំសាងសង់កំណាត់ផ្លូវ ដែលមានប្រវែង១៨គីឡូម៉ែត្រ។
លោកបានបន្តថា ក្រុមហ៊ុន ជីប ម៉ុង នឹងរៀបចំរ៉ាប់រងការសាងសង់កំណាត់ផ្លូវ ចាក់បេតុងប្រវ៉ែង ១៨គីឡូម៉ែត្រ ដែលមានទទឹងប្រវ៉ែង៨ម៉ែត្រ ហើយនឹងចំណីផ្លូវសងខាង ចាក់ដីក្រហមប្រវ៉ែង១ម៉ែត្រកន្លះ ចាប់ចេញពីផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិត្រពាំងលើក ឃុំ៨មុំ ស្រុកទ្រាំង ទៅដល់កំពង់ទូក កំពង់អំពិល ឃុំបុរីជលសារ ស្រុកបុរីជលសារ។ ការសាងសង់កំណាត់ផ្លូវបេតុងនេះ នឹងត្រូវចំណាយអស់ទឹកប្រាក់ ៦លានដុល្លារសហរដ្ឋអាមេរិក។
ក្រុមហ៊ុន ជីប ម៉ុង ជឿជាក់ថាការចូលរួមចំណែក ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស គឺជាកាតព្វកិច្ចដ៏ចាំបាច់ របស់យើងទាំងអស់គ្នាជាខ្មែរ ក្នុងការចូលរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចជាតិ។ ដូច្ចេះហើយក្រុមហ៊ុន ដែលវិនិយោគដោយកូនខ្មែរ ១០០% មួយនេះ តែងតែចូលរួមយ៉ាងសកម្ម បំពេញបេសកកម្មសង្គមនានា ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការសាងសង់ផ្លូវជាតិ សាងសង់សាលារៀន និងវត្តអារាម ការលើកកម្ពស់វិស័យអប់រំ និងកីឡា តាមរយៈការផ្តល់អាហាររូបករណ៍ រាប់ពាន់កន្លែងជារៀងរាល់ឆ្នាំ និងការឧបត្ថម្ភក្រុមកីឡាការជាតិ និងការធ្វើឲ្យប្រសើរឡើងបរិស្ថាន តាមរយៈការប្រើប្រាស់ឡានសម្អាតផ្លូវ ទៅសម្អាតវិថីនានានៅក្នុងខេត្ត និងក្រុងទូទាំងប្រទេស។
លោក អ៊ូច ភា បានឲ្យដឹងដែរថា សព្វថ្ងៃនៅខេត្តតាកែវ មានផ្លូវជាតិចំនួន៦ខ្សែ ប្រវែងសរុប ១៦៣.៩២គីឡូម៉ែត្រ ក្នុងនោះផ្លូវកៅស៊ូ AC ចំនួន១ខ្សែប្រវែងសរុប ៥១.៧១គីឡូម៉ែត្រ ផ្លូវកៅស៊ូ DBTS មានចំនួន២៤ខ្សែ ប្រវែងសរុប ១០៧.៧៧គីឡូម៉ែត្រ និងផ្លូវដីចំនួន១ខ្សែ ប្រវែងសរុប ៤.៤៤គីឡូម៉ែត្រ។ លោកបានឲ្យដឹងថា ផ្លូវខេត្តមានចំនួន២៤ខ្សែ ប្រវែងសរុប ៣៧៩.១២គីឡូម៉ែត្រ ក្នុងនោះ ផ្លូវកៅស៊ូ DBTS មានចំនួន១៣ខ្សែ មានប្រវែងសរុប ១៨០.៥៦គីឡូម៉ែត្រ ផ្លូវគ្រួសក្រហមចំនួន១៧ខ្សែ ប្រវែងសរុប ១៩៣.៧៦៦គីឡូម៉ែត្រ និងផ្លូវដីចំនួន១ខ្សែ ប្រវែងសរុប ៤.៧៩០គីឡូម៉ែត្រ។
លោក អ៊ូច ភា បានបញ្ជាក់ទៀតថា ផ្លូវក្រុងមានចំនួន៤៧ខ្សែ ប្រវែងសរុប ៦១.៦៣៨គីឡូម៉ែត្រ ក្នុងនោះ ផ្លូវកៅស៊ូ AC មានចំនួន៥ខ្សែ មានប្រវែងសរុប ៣.៧៨០គីឡូម៉ែត្រ ផ្លូវកៅស៊ូ DBTS មានចំនួន៣២ខ្សែ មានប្រវែងសរុប ២៤.១៨៣គីឡូម៉ែត្រ ផ្លូវបេតុងចំនួន១ខ្សែ មានប្រវែង៤២ម៉ែត្រ ផ្លូវគ្រួសក្រហម និងផ្លូវដី ប្រវែងសរុប ៣៣.៦៧៨គីឡូម៉ែត្រ។ ដោយឡែក ផ្លូវជនបទ មាន៤ប្រភេទ គឺប្រភេទ T1 T2 T3 និង T4 មានចំនួន៦៨០ខ្សែ មានប្រវែងសរុប ២.៣៩៣គីឡូម៉ែត្រ។
លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា លាង ឃុន ដែលជាអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងជាតំណាងឲ្យសប្បុរសជនទាំងអស់ ដែលបានជួយស្ថាបនាផ្លូវបេតុង១ខ្សែនេះ ទូកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងស្រុកទ្រាំង និងស្រុកបូរីជលសារ ដែលសកម្មភាពទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។
លោកបានសង្ឃឹមថា ការចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តតាកែវ តាមរយៈការសាងសង់ផ្លូវបេតុងប្រវ៉ែង ១៨គីឡូម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងចូលរួមចំណែកបន្តិចបន្តួច ក្នុងការធ្វើឲ្យសេដ្ឋកិច្ចខេត្ត កាន់តែមានលក្ខណៈប្រសើរកាន់តែខ្លាំង និងសម្រួលដល់ចរាចរណ៍ របស់ប្រជាពលរដ្ឋក្នុង និងក្រៅខេត្តទាំងអស់៕