(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងនគរបាលខេត្ត ស្រុក ក្រុង និងវរសេនាតូចការពារព្រំដែនគោកទាំង៤ សរុបចំនួន ៥០០នាក់ មានទាំងទូក ឡានទឹកសម្រាប់កងកម្លាំងងូតកុំឲ្យរមាស់ ចុះបារកំប្លោក និងពើក ដែលនៅក្នុងស្ទឹងស្វាយចេក ស្រុកស្វាយ ខេត្តបន្ទាយមានជ័យ ដែលមានប្រវែងចំនួន៦៥០ម៉ែត្រ។
ប្រតិបត្តិការចុះបារកំប្លោកនេះដែរ ធ្វើឡើងនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយក៏មានការចូលរួមពីព្រះសង្ឈ កងកម្លាំងសឹករងស្រុក កម្លាំងកងរាជាអាវុធហត្ថស្រុក មន្ត្រីរាជការក្នុងស្រុក និងប្រជាពលរដ្ឋសិស្សានុសិស្សវិទ្យាល័យស្វាយចេក សម្ព័ន្ធយុវជនយ៉ាងច្រើនកុះករផងដែរ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានលើកឡើងថា ស្ទឹងស្វាយចេក កាលពីជាង១០មុនឆ្នាំមុនប្រជាពលរដ្ឋនៅទីនេះ ខ្វះទឹកប្រើប្រាស់ដោយសារជម្រៅទឹកស្ទឹងរាក់ ប៉ុន្តែត្រូវបាន នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានជីកកាយ ដើម្បីបានទឹកប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពផលដំណាំ។ តែពេលនេះស្ថានភាពទឹកស្ទឹង គឺមានកំប្លោក បង្កឲ្យជួបការលំបាក របស់ប្រជាពលរដ្ឋគាត់ត្រូវការប្រើប្រាស់ទឹកស្ទឹងនេះ ហើយបើយើងបារកំប្លោកបានស្អាត និងមានការថែទាំនោះស្ទឹងនេះ និងអាចនៅពេលបុណ្យអុំទូក យើងអាចធ្វើពិធីអុំទូក ប្រឡងប្រណាំងបានដែរនាឆ្នាំក្រោយ។
លោក លឿង សុភ័ក្រ្ត អភិបាលស្រុកស្វាយ លោកមេភូមិ រការថ្មី និងប្រជាពលរដ្ឋ បានថ្លែងនូវអំណរសាទរ ជាមួយនឹងសកម្មភាព របស់កងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋានសឹករងស្រុក សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា ក្នុងពេលចុះបាកំប្លោកនោះផងដែរ កងកម្លាំងនគរបាលយើងបានប្រទះឃើញ កាបូបលុយនៅលើកកំប្លោក ជារបស់ប្រជាពលរដ្ឋឈ្មោះ ស៊ឹម សុង នៅភូមិពន្សាយត្បូង ក្នុងនោះមានលុយដុល្លាចំនួន១៧០ដុល្លារ លុយខ្មែរ១១ម៉ឺនរៀល មានកាតគ្រីម៉ូតូ និងអត្តសញ្ញាណប័ណ្ណផងដែរ ហើយត្រូវបានស្រាវជ្រាវ រកម្ចាស់មកទទួលយកវិញ តាមការអះអាងរបស់គាត់ជាម្ចាស់កាបូប បាននិយាយថា កាបូបនេះគាត់បានជ្រុះបាត់ជាច្រើនខែមកហើយ៕