(ចិន)៖ ការវិនិយោគដោយផ្ទាល់ពីបរទេស មកកាន់ចិនដីគោក បានបន្តរក្សាកំណើនថេរ ក្នុងអំឡុងពេល១០ខែដើមឆ្នាំនេះ ខណៈដែលការវិនិយោគដោយផ្ទាល់ទៅក្រៅប្រទេស ដែលក្រៅពីវិស័យហិរញ្ញវត្ថុរបស់ចិន ក៏បានបន្តកើនឡើងថេរដែរ។ នេះបើយោងតាមសេចក្ដីប្រកាសថ្មីមួយ របស់ក្រសួងពាណិជ្ជកម្មចិន។
ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់ចិន បានកើនឡើង៣.៣ភាគរយ ដោយមានទឹកប្រាក់ចំនួន១សែន៧ពាន់៧រយលានដុល្លារអាមេរិក បើរាប់ពីខែមករាដល់ខែតុលាឆ្នាំនេះ។ កំណើននេះ គឺដោយសារតែមានការវិនិយោគដ៏ខ្លាំងក្លា ទៅក្នុងវិស័យផលិតកម្ម និង បច្ចេកវិទ្យាទំនើប។
បើប្រៀបធៀបនឹងឆ្នាំមុន ចំនួនក្រុមហ៊ុនថ្មីៗដែលវិនិយោគដោយបរទេស បានកើនឡើងយ៉ាងខ្លាំងដល់ទៅ៨៩.៣ភាគរយ មកត្រឹមចំនួន៤ម៉ឺន៩ពាន់៥៤៥ក្រុមហ៊ុន។
វិស័យផលិតកម្ម បានទទួលប្រាក់វិនិយោគពីបរទេសចំនួនប្រហែល៣ម៉ឺន១ពាន់៦រយលានដុល្លារអាមេរិក កើនឡើង១២.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯវិស័យបច្ចេកវិទ្យាទំនើបវិញ មានកំណើនប្រាក់វិនិយោគចំនួន១១.៤ភាគរយ ពោលគឺស្មើនឹង២២.៤ភាគរយនៃប្រាក់វិនិយោគដោយផ្ទាល់ពីបរទេសសរុប។
ក្នុងនោះ ប្រាក់វិនិយោគពីប្រទេសអង់គ្លេស បានកើនឡើង១៧៥.៩ភាគរយ ដែលជាប្រភពនៃការវិនិយោគដ៏ធំបំផុតសម្រាប់ប្រទេសចិន។ ឯការវិនិយោគពីបណ្ដាប្រទេសដែលស្ថិតនៅតាមផ្លូវគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវ៉ាត់មួយផ្លូវមួយវិញ មានកំណើនថេរចំនួន១១.៩ភាគរយ។
របាយការណ៍ដដែលរបស់ក្រសួងនេះ ក៏បង្ហាញឱ្យឃើញផងដែរ ថាការវិនិយោគដោយផ្ទាល់ទៅក្រៅប្រទេសរបស់ចិនដែលក្រៅពីវិស័យហិរញ្ញវត្ថុ បានកើនឡើង៣.៨ភាគរយ មកត្រឹមទឹកប្រាក់ចំនួន៨ម៉ឺន៩ពាន់៥រយ៧០លានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៨នេះ។ ឯការវិនិយោគក្នុងស្រុកវិញ ត្រូវបានបណ្ដាក់ទុនទៅលើក្រុមហ៊ុនបរទេសចំនួន៤៩០៥ក្រុមហ៊ុន នៅតាម១៥៥ប្រទេសនិងតំបន់ បើគិតចាប់ពីខែមករាដល់ខែតុលាឆ្នាំនេះ។
ការវិនិយោគថ្មីៗ នៅតាមបណ្ដាប្រទេសដែលចូលរួម ក្នុងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ បានកើនឡើង៦.៤ភាគរយ មកទឹកប្រាក់ប្រហែល១ម៉ឺន២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ។
ស្របពេលនេះដែរ ក្រុមហ៊ុនចិនជាច្រើន ក៏បានចុះកិច្ចសន្យាបន្ថែម ដើម្បីរ៉ាប់រងគម្រោងធំៗជាច្រើននៅក្រៅប្រទេសចិនផងដែរ ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ។ ហើយប្រាក់ដែលវិនិយោគទៅក្នុងគម្រោងទាំងនោះ មានចំនួនដល់ទៅជាង៨ម៉ឺន៩រយលានដុល្លារអាមេរិកឯណោះ។
ពីចន្លោះខែមករាដល់ខែតុលាឆ្នាំនេះ ការវិនិយោគទៅក្រៅប្រទេសរបស់ចិន ភាគច្រើនគឺបណ្ដាក់ទុនទៅលើវិស័យសេវាកម្ម ផលិតកម្ម ជីករ៉ែ និងអាជីវកម្មលក់ទំនិញរាយ។
ក្នុងនោះ៣២.៦ភាគរយនៃប្រាក់វិនិយោគទៅក្រៅប្រទេសសរុប គឺបានបណ្ដាក់ទុនលើវិស័យសេវាកម្ម ១៧ភាគរយលើវិស័យផលិតកម្ម ៩.៤ភាគរយលើវិស័យជីករ៉ែ និង ៩.២ភាគរយ លើអាជីវកម្មលក់ទំនិញរាយ៕ (សារព័ត៌មាន CCTV របស់ចិន)