(ឧត្តរមានជ័យ)៖ ទំនប់ទឹកស្ទឹងស្រែង ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានក្លាយជាសមិទ្ធផលដ៏ពិសិដ្ឋសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកចុងកាល់ និងស្រុកអន្លង់វែង ព្រោះវាជាប្រភពផ្តល់ទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃ។ ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកចុងកាល់ និងអន្លង់វែង លែងជួបបញ្ហាខ្វះទឹកប្រើប្រាស់ និងស្រោចស្រពដំណាំ និងបង្កបង្កើនផលនៅក្នុងរដូវប្រាំងទៀតហើយ។
ដោយមើលឃើញពីបញ្ហាប្រឈមខ្វះទឹកប្រើប្រាស់ ក៏ដូចជាស្រោចស្រពដំណាំនៅក្នុងរដូវប្រាំងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តស្រុកចុងកាល់ អន្លង់វែង និងផ្នែកខ្លះទៀតនៅក្នុងខេត្តបន្ទាយមានជ័យ និងសៀមរាបនោះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំកសាងទំនប់ស្ទាក់ទឹកជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រនេះ។ ទីមួយ បានសាងសង់ទំនប់ទឹកមួយនៅក្នុងស្រុកអន្លង់វែង បន្ទាប់មក សាងសង់ទំនប់បន្ថែមមួយទៀតស្ថិតនៅក្នុងស្រុកចុងកាល់ ដែលមានឈ្មោះថា «ទំនប់ស្ទឹងស្រែង» ដែលសាងសង់ដោយក្រុមហ៊ុនចិន។
ទំនប់ទឹកស្ទឹងស្រែងនេះ មានប្រវែង ២,៨០០ម៉ែត្រ តភ្ជាប់ពីភ្នំកំបោរ ទៅភ្នំរូងដែក មានសមត្ថភាពស្តុកទឹកបាន ២៥៩លានម៉ែត្រគូប។ ទំនប់នេះស្ថិតនៅក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ទំនប់ស្ទឹងស្រែង ដែលដើរតួនាទីកាត់បន្ថយទឹកជំនន់ និងអាចផ្តល់ទឹកសម្រាប់យកទៅផ្គត់ផ្គង់ដីស្រែជាង ២៥,០០០ហិកតា ក្នុងខេត្តចំនួន៣ រួមមានខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងសៀមរាប។ ទំនប់នេះ ត្រូវបានបញ្ចប់ការសាងសង់កាលពីខែមីនា ឆ្នាំ២០១៧។
ពេលចាប់ផ្តើមដំណើរការសាងសង់ទំនប់មួយនេះ ក៏មានធ្វើចលនាផ្សេងៗរារាំងការសាងសង់នេះផងដែរ ក្រោមហេតុផលប៉ះពាល់ដីព្រៃសហគមន៍។ ប៉ុន្តែដោយមើលឃើញពីអត្ថប្រយោជន៍ចាំបាច់ក្នុងការទាញយកទឹកសម្រាប់ផ្គត់ផ្គង់ការស្រោចស្រព និងប្រើប្រាស់របស់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលបានជម្នះសាងសង់ទំនប់ស្ទាក់ទឹកនេះឡើយ។
បច្ចុប្បន្នលទំនប់ស្ទាក់ទឹកមួយនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ប្រភពទឹកសម្រាប់ប្រជាពលរដ្ឋ។ លោក សេង សុង ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអន្លង់វែង តាំងពីទសវត្សរ៍ឆ្នាំ៨០មកនោះ បានសម្តែងការសាទរ និងរីករាយខ្លាំងចំពោះសមិទ្ធផលមួយនេះ។
លោកបានគូសបញ្ជាក់ថា តាំងពីលោករស់នៅទីនេះមិនដែលមានទំនប់ទឹកធំបែបនេះឡើយ ហើយប្រជាពលរដ្ឋតែងជួបបញ្ហាខ្វះទឹកប្រើប្រាស់ និងស្រោចស្រព។ ប៉ុន្តែក្រោយពេលរាជរដ្ឋាភិបាលសាងសង់ទំនប់នេះឡើង ធ្វើឲ្យប្រជាពលរដ្ឋលែងជួបបញ្ហាទាំងអស់នោះ ហើយបានជួយធ្វើឲ្យជីវភាពរបស់ពួកគាត់បានប្រសើរផងដែរ៕