(សៀមរាប)៖ មន្រ្តីសាខាកាំកុត្រូលខេត្តសៀមរាប និងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្ម គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅក្នុង ផ្សារសម្ដេចតេជោ ដើមក្រឡាញ់ ដែលមានទីតាំងនៅ ភូមិត្រពាំងសេះ ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប។
លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងឱកាសចុះអង្កេតទំនិញ នៅផ្សារសម្ដេចតេជោ ដើមក្រឡាញ់ មន្រ្ដីរបស់លោកបានធ្វើការវិភាគបឋម ដោយប្រើតេស្ដឃីតលើម្ហូបអាហារ ទៅលើផលិតផលចំនួន១៦គំរូ ដូចជា៖ សណ្តែកបណ្តុះ សរសៃមីលឿង មីលឿងសំប៉ែត លត គុយទាវសរសៃ (ធំ-តូច) គុយទាវ (ភ្នំពេញ, បាត់ដំបង) ប្រហិតសាច់គោ ជ្រក់ស្ពៃ ខ្ញីហាន់ មឹក៣គំរូ (ថៃ-កំពង់សោម) បង្គារ២គំរូ (ថៃ-កំពង់សោម)។
ជាលទ្ធផល មន្រ្ដីរបស់លោកបានរកឃើញមានវត្តមាន សារធាតុគីមីហាមឃាត់ ក្នុងផលិតផលមឹក ដែលមានប្រភពមកពីប្រទេសថៃ មានផ្ទុកសាធាតុ Formaline និងបានធ្វើកំណត់ហេតុដកហូតចំនួន ៣.៥០kg។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
ជាមួយគ្នានោះដែរ មន្រ្តីជំនាញបានធ្វើការណែនាំដល់អាជីវករអោយយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ ពិសេស សូមកុំផលិត ឬយកទំនិញគ្មានគុណភាព ឬ មានសារធាតុគីមីហាមឃាត់មកដាក់តាំងលក់ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់៕