(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងនៅតែបន្ដចូលរួមជាមួយរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ បុគ្គល ដើម្បីកសាងមាតុភូមិកម្ពុជាឲ្យកាន់តែរឹងមាំ និងកាន់តែមានការទទួលស្គាល់ទាំងក្នុងតំបន់ និងអន្ដរជាតិ។
ការថ្លែងរបស់លោក ហ៊ុន ម៉ានី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤របស់ ស.ស.យ.ក ក្រោមអធិបតីភាពសម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាមកពីទូទាំង២៥ រាជធានី-ខេត្តប្រមាណ១,៣០០នាក់។
លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា «សហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្ដសកម្មភាពចូលរួមជាវិជ្ជាមានដល់សង្គមកម្ពុជា ជាពិសេសការបន្ដចូលរួមជាមួយរាជរដ្ឋាភិបាល អង្គការ ស្ថាប័នដៃគូ និងបុគ្គល ដែលមានបេះដូង និងបេសកកម្មដូចគ្នាលើការកសាងអភិវឌ្ឍន៍កម្ពុជាមួយរឹងមាំ និងកាន់តែមានការទទួលស្គាល់ទាំងក្នុងកម្រិតជាតិ និងអន្ដរជាតិ»។
ប្រធានសហភាពសហព័ន្ធកម្ពុជារូបនេះ បានអះអាងទៀតថា ដោយផ្អែកលើមូលដ្ឋានធនធានមនុស្ស យុវជនកម្ពុជាដែលមានការទទួលខុសត្រូវ មានឧត្តមគតិ មនសិកា ស្នេហាជាតិ ដើម្បីជាសរសរទ្រូងនៃឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងអនាគត។
ជាមួយគ្នានេះ នៅក្នុងទិសដៅការងារបន្ដដែលបានដាក់ចេញ ស.ស.យ.ក ប្ដេជ្ញាបន្ដអនុវត្ត «ចលនាយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ដែលភ្ជាប់ក្នុងឧបសម្ព័ន្ធ នៃសេចក្ដីសម្រេចចិត្ត របស់មហាសន្និបាតសមាគមយុវជនកម្ពុជា ឆ្នាំ២០១២ និងដែលត្រូវធ្វើបច្ចុប្បន្នភាពជាផែនការយុទ្ធសាស្ដ្រ ឆ្នាំ២០១២-២០២៣។ ផែនការយុទ្ធសាស្ដ្រ «ចលនាយុវជនក្នុងបុព្វហេតុមាតុភូមិ» នេះត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ ស្របតាមវិវត្ដន៍ជាក់ស្ដែង នៃសង្គមជាតិ ដោយគណៈកម្មាធិការកណ្ដាល ស.ស.យ.ក។
ស.ស.យ.ក នឹងជំរុញ បន្ដពង្រីករចនាសម្ព័ន្ធ និងក្រុមការងារ ស.ស.យ.ក ឲ្យបានសម្រេចតាមលក្ខនិ្ដកៈរបស់ខ្លួន ដើម្បីជាមូលដ្ឋានក្នុងការពង្រីកសកម្មភាព និងជំរុញបេសកកម្ម បុព្វហេតុរបស់ ស.ស.យ.ក ឲ្យកាន់តែបានទូលំទូលាយ និងជ្រាបដល់បេះដូងរបស់យុវជន នៅតាមបណ្ដាមូលដ្ឋាននានាក្នុងប្រទេស។
បន្ដសកម្មភាពលើកស្ទូយនូវឧត្តមភាព កិត្តិនាមជាតិ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីប្រវត្តិសាស្ដ្រ វប្បធម៌ ប្រពៃណី សិល្បៈ ជំនឿសាសនា ដែលជាអត្ដសញ្ញាណជាតិ និងបន្ដលើកកម្ពស់សមត្ថភាព ជំនាញ ផលិតភាព ចំណេះដឹង និងបំណិនជីវិតរបស់យុវជន។ បន្ថែមពីនេះ បន្ដជំរុញយុវជន ឲ្យចូលរួមកម្មវិធីស្ម័គ្រចិត្ត កម្មវិធីសិក្សា កម្មវិធីមនុស្សធម៌ ឬការងារស្ម័គ្រចិត្តនៅតាមសហគមន៍ ដើម្បីយុវជនបានសាកល្បងចំណេះដឹង ទេពកោសល្យ ការច្នៃប្រឌិត និងទទួលបានបទពិសោធន៍ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ៕