(កំពង់ធំ)៖ ដើម្បីជួយសម្រួលដល់កសិករ ក្នុងរដូវកាលប្រមូលផលស្រូវស្រាលនេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ និងយុវជនចុះជួយច្រូតស្រូវប្រជាកសិករ នៅភូមិព្រៃព្រះ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងបានពិសារបាយសាមគ្គីជាមួយប្រជាពលរដ្ឋនៅនឹងវាលស្រែ យ៉ាងឆ្ងាញ់ពិសារ ប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាល។

លោក សុខ លូ ថ្លែងថា រដូវនេះជារដូវប្រមូលផល ច្រូតកាត់ស្រូវ ដែលក្រុមគ្រួសារនីមួយៗ កំពុងតែមានភាពមមាញឹក ដោយឡែកគ្រួសារខ្លះទៀត ដោយសារតែសមាជិកគ្រួសារតិច បានបង្ខំចិត្តជួលកម្លាំងពលកម្មពីខាងក្រៅ មកជួយបន្ថែមទៀត។ នៅពេលនេះ លោកបានដឹកនាំក្រុមការងារចូលរួមជួយច្រូតស្រូវ ក្នុងគោលបំណងដើម្បីកាត់បន្ថយការចំណាយថវិកា របស់ប្រជាកសិករ ក្នុងការជួលកម្លាំងពលកម្មមកប្រមូលផលស្រូវ ដែលទុំពេញវាលស្រែ។

ជាមួយគ្នានោះដែរ លោក សុខ លូ បានសំដែងនូវក្តីសប្បាយរីករាយដែលខេត្តកំពង់ធំ អាចផលិតបានស្រូវសរីរាង្គដែលមានក្រុមហ៊ុនធំៗ ចុះកុងត្រាក្នុងការទទួលទិញស្រូវ សម្រាប់នាំចេញលក់បន្តនៅក្រៅប្រទេស ដែលមានតម្លៃសមរម្យអាចទទួលយកបាន។

លើសពីនេះទៀត លោកក៏បានសំណូមពរដល់ប្រជាកសិករទាំងអស់ ត្រូវផលិតស្រូវស្របទៅតាមតម្រូវការរបស់ទីផ្សារ និងមានគុណភាពល្អ ដើម្បីឲ្យក្រុមហ៊ុនបញ្ជាទិញឲ្យកាន់តែច្រើន នៅឆ្នាំក្រោយៗទៀត។ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផលបន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ ឲ្យមានការរីកចម្រើនកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសចូលរួមថែរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ កុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួនឲ្យសោះ។

សូមបញ្ជាក់ថា ស្ថិតនៅក្នុងរដូវការកំពុងប្រមូលផលប្រភេទស្រូវស្រាល ស្រូវផ្ការំដួលនេះ ប្រជាកសិករមួយចំនួន កំពុងមមាញឹកធ្វើស្រែប្រាំង ជាច្រើនហិចតាបន្ថែមទៀតផងដែរ៕