(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យមើលលើរបៀបវារៈសំខាន់ៗចំនួន៥។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅ វិមានព្រឹទ្ធសភា ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា​ ។

របៀបវារៈដែលគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នឹងធ្វើការពិភាក្សា និងអនុម័តរួមមានដូចខាងក្រោម៖

ទី១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មាទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។

ទី២៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មាទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ នៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។

ទី៣៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មាទី២ព្រឹទ្ធសភា សុំដាក់ក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ នូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
* ១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា​ និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
* ២៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា​ និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

ទី៤៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយលព្រមលើសន្ធិសញ្ញាស្តីពី បត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៉ី នៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។

ទី៥៖ កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ព្រឹទ្ធសភា៖