(កោះកុង)៖ ខណៈនៅសល់តែ១៩ថ្ងៃទៀត ពិធីបុណ្យសមុទ្រលើកទី៧ (ជុំទី២) នៅខេត្តកោះកុង នឹងឈានចូលមកដល់ហើយនោះ ការងារធំៗក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះ ត្រូវបានត្រៀមរួចរាល់អស់ហើយ។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសដែលលោករួមជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីិក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅសាលាខេត្តកោះកុង នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
អង្គប្រជុំបានលើកឡើងអំពីការងារមួយចំនួន ដែលបាននិងកំពុងត្រៀមសម្រាប់ពិធីបុណ្យសមុទ្រមកដល់ ក្នុងនោះមានដូចជា៖
* ផ្លូវជាតិលេខ៤៨ ដែលចេញពីរង្វង់មូលស្រែអំបិលឆ្ពោះទៅខេត្តកោះកុង ត្រូវបានក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងាររបស់កងវិស្វកម្ម កំពុងសហការគ្នាពន្លឿនការជួសជុលជិតរួចរាល់ ១០០% ហើយ។
* បញ្ហាស្នាក់នៅរបស់ភ្ញៀវទេសចរ និងកីឡាករថែ ក្រៅពីការស្នាក់នៅក្នុងទឹកដីកម្ពុជា ខាងថៃ (ខេត្តត្រាត) ក៏បានផ្តល់កិច្ចសហការដ៏ល្អ ក្នុងការត្រៀមរៀបចំទទួលភ្ញៀវស្នាក់នៅ ក្នុងតម្លែសមរម្យផងដែរ ទាំងនៅខ្លងយ៉ែ និងនៅត្រាតផងដែរ ភាគីថៃបានត្រៀមបន្ទប់ស្នាក់មិនតិចជាង ៦០០បន្ទប់ឡើយ ដែលតម្លៃចន្លោះពី ៣០០-៨០០បាត នៅខ្លងយ៉ៃ និងចន្លោះពី ១២០០-១៥០០បាត នៅទីរួមខេត្តត្រាត។
* សម្រាប់ការធ្វើដំណើរទៅមកខេត្តកោះកុង-ខេត្តត្រាតវិញ លោករដ្ឋមន្ត្រីបានស្នើឱ្យក្រុមការងារខាងភាគីកម្ពុជាទំនាក់ទំនងជាមួយភាគីថៃ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចបើកបររថយន្តពីកម្ពុជាឆ្លងទៅខេត្តត្រាត ឬពីត្រាតមកកោះកុងឱ្យមានភាពងាយស្រួលជាងថ្ងៃធម្មតា និងគួរស្នើសុំឱ្យមានការបើកអនុញ្ញាតឆ្លងចេញចូល ២៤ម៉ោង ក្នុងរយៈពេលបុណ្យ ៣ថ្ងៃ ដូចកាលបុណ្យសមុទ្រលើកមុនដែរ។
* ចំពោះបញ្ហាសំរាម អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ និងការតុបតែងលម្អសោភ័ណភាពក្រុងខេមរភូមិន្ទ ដូចជានៅតាមអាជីិវកម្មទេសចរណ៍នានាក្នុងក្រុង លោករដ្ឋមន្ត្រីបានណែនាំឱ្យមានការដាក់ធុងសំរាមឱ្យបានច្រើន អប់រំប្រជាពលរដ្ឋអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងធុងសំរាម ត្រូវផ្សព្វផ្សាយយុទ្ធនាការគ្មានសំរាមក្រោមតុ នៅតាមភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវពង្រឹងការគិតគូរលើបញ្ហាអនាម័យនៅតាមរមណីយដ្ឋានទេសចរណ៍នានា។ គ្រប់ភោជនីយដ្ឋាន អាហារដ្ឋានត្រូវមានឯកសណ្ឋាន និងត្រូវផ្តល់សេវាឱ្យបានល្អ។
* អនុគណៈកម្មការតុបតែងលម្អ និងរដ្ឋបាលខេត្តកោះកុង ត្រូវពន្លឿនការកែលម្អនៅតាមទីសាធារណៈមួយចំនួន ក្នុងក្រុងខេមរភូមិន្ទ និងនៅគ្រប់គោលដៅដែលបានកំណត់។
គ្រប់គោលដៅទេសចរណ៍កម្សាន្ត ទាំងនៅឆាយអារ៉ែង ជីផាត ព្រែកោងកាង ឆ្នេរខ្សាច់ថ្មីបាក់ខ្លង តំបន់កម្សាន្តផ្សេងទៀតក៏បានត្រៀមរួចរាល់។
* ចំពោះការត្រៀបរៀបចំស្តង់ពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម និងម្ហូបអាហារក៏បានត្រៀមរៀបចំរួចរាល់ហើយ ដែលបច្ចប្បន្នមានការចូលរួមជាង ៤០០ស្តង់។ រីឯការរៀបចំព្យុហយាត្រា ទស្សនីយភាពសិល្បៈក៏បានត្រៀមរួចរាល់ហើយដែរ។ មកដល់ពេលនេះ មានក្រុមសិល្បៈពីប្រទេសជាមិត្តបានបញ្ជាក់ពីការចូលរួមរួចហើយ គឺមាន ថៃ វៀតណាម ឥណ្ឌា ឥណ្ឌូណេសុី។ កម្មវីធីប្រកួតកីឡា ជាតិ អន្តរជាតិ និងសកម្មភាពកីឡា ក៏បាន ត្រៀមរួចរាល់។
* ការរៀបចំពិធីដាំកូនកោងកាង និងការរៀបចំសិក្ខាសាលាឆ្នេរស្អាត នៅព្រឹកថ្ងៃទី១៣ ខែធ្នូ (ដែលកម្មវិធីនេះ ក៏មានការចូលរួមពីលោកអគ្គនាយកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោកផងដែរ) និងមានការផ្ដល់ប័ណ្ណសរសើរដល់ម្ចាស់អាជីវកម្ម ដែលមានស្នាដៃឆ្នើមក្នុងវិស័យទេសចរណ៍ នៅក្នុងខេត្តជាប់តំបន់ឆ្នេរសមុទ្រកម្ពុជា (កោះកុង ព្រះសីហនុ កំពត និងកែប) ក៏បានត្រៀមរួចរាល់ហើយ។
* អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ សុខាភិបាល ក៏បានត្រៀមផែនការរួចរាល់។ រដ្ឋបាលខេត្តបានរៀបចំបបង្គន់អនាម័យចល័តសាធារណៈឱ្យបានគ្រប់គ្រាន់។
ប៉ុស្តិ៍សន្តិសុខចរាចរណ៍ចល័ត ក្រុមគ្រូពទ្យសង្គ្រោះចល័តតាមដងផ្លូវក៏បានត្រៀមរួចរាល់។
ដោយឡែក ចំពោះការរៀបចំប្រកួតកីឡាវាយកូនគោលនៅកោះស្តេច ដែលជាព្រឹត្តិការណ៍ដំធំមួយ ដើម្បីចូលរួមអបអរបុណ្យសមុទ្រ ក៏បានត្រៀមរួចរាល់ផងដែរ។ លោករដ្ឋមន្ត្រីបានរំឭកឱ្យមានការអប់រំ និងត្រួតពិនិត្យអាជីវករទាំងអស់នៅខេត្តកោះកុង សូមកុំដំឡើងថ្លៃសេវាកម្មហួសហេតុ។ លោករដ្ឋមន្ត្រីក៏បានសូមឱ្យប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមកម្សាន្តបុណ្យសមុទ្រកុំបីខាន៕