(ភ្នំពេញ)៖ ករណីដាច់ភ្លើងនៅតំបន់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ ដោយសារតែនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រថយន្តធុនធំមួយគ្រឿង បើកបុកបង្គោលបណ្ដាលឲ្យបាក់ចំនួន០២ដើម និងដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម(MV)។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F17) និងបន្ទប់ភ្លើងលេខP433-F1 ទើបដាច់ភ្លើងនៅតំបន់មួយចំនួន តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំងខាងលិច ភូមិតាហែន សង្កាត់ត្រពាំងក្រសាំង, ភូមិព្រៃកាយ សង្កាត់ស្នោរ, ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើតាមការឲ្យដឹងពី អគ្គិសនីកម្ពុជា ក្រុមការងារបច្ចេកទេសកំពុងធ្វើការប្តូរបង្គោលថ្មី និងជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង០៨៖០០នាទីយប់នេះ។ បន្ថែមពីនេះ អគ្គិសនីកម្ពុជា ក៏សូមការអធ្យាស្រ័យពីអតិថិជនទាំងអស់ ចំពោះបញ្ហានេះផងដែរ៕