(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិន ស្ថិតនៅម្តុំឧតុនិយមភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៩៖០០នាទី ស្ថិតនៅម្តុំឧតុនិយម ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ជនបរទេស) មួយកើតឡើងបង្កឡើងដោយអនីតិជន ២នាក់ ជិះម៉ូតូសេ១២៥ ឆ្នាំ២០១៨។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការនគរបាលក្រុង ប៉ុស្តិ៍នគរបាលរដ្ឋបាល បានប្រដេញនិងស្ទាក់ចាប់បាន ជនសង្ស័យចំនួន២នាក់ នៅចំណុចខ្ទមយាយម៉ៅ ហើយឆ្លងទៅតាមការសាកសួរជាបន្តបន្ទាប់ ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យចំនួន៣នាក់បន្ថែមទៀត សរុបចំនួន៥នាក់។ ចំណែក ជនរងគ្រោះជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណ បច្ចុប្បន្ននេះ ពុំទាន់បានមកដាក់ពាក្យបណ្តឹង នៅឡើយទេ។
ជនសង្ស័យចំនួន៥នាក់ មានឈ្មោះដូចខាងក្រោម៖
១៖ ឈ្មោះ យិន ទីទី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ជាងភ្លើង មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់)។
២៖ ឈ្មោះ សាន ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់)។
៣៖ ឈ្មោះ និត ម៉ាណាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់)។
៤៖ ឈ្មោះ ឆៀង វឌ្ឍនៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង-ព្រះសីហនុ (ជនដៃដល់)។
៥៖ ឈ្មោះ ស ម៉េង អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (អ្នកទទួលផលចោរកម្ម)។
វត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូម៉ាកសេ១២៥ ឆ្នាំ២០១៨ ពណ៍ខ្មៅ ១គ្រឿង ជាមធ្យោបាយធ្វើសកម្មភាព) និងទូរស័ព្ទ ២គ្រឿង គឺម៉ាក iPhone ១គ្រឿង និងម៉ាក OPPO ១គ្រឿង)។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ កំពុងបន្តនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្ត។
ជាមួយគ្នានេះ ជនដៃដល់៣នាក់ ដែលប៉ុនប៉ងសម្លាប់ជនជាតិចិន និងតែងតែវាយជនជាតិបរទេស នៅក្រុងព្រះសីហនុ ក៏ត្រូវបានកម្លាំងនគរបាលតាមបង្ក្រាបផងដែរ។
លោកឧត្តមសេនីយ៍ស្នងការបានឲ្យដឹងថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២៖០០នាទីយប់ នៅចំណុចផ្លូវដំណាក់ស្តេច ស្ថិតនៅក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា ទៅលើជនជាតិចិន មួយកើតឡើង បង្កឡើងដោយជនសង្ស័យ៤នាក់ មិនស្គាល់អត្តសញ្ញាណ។ ជនសង្ស័យបានជិះម៉ូតូ ២គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពប្រើដាវកាប់និងវាយ ទៅលើបុរសជនជាតិចិនម្នាក់ ខណៈពេលដែលជនរងគ្រោះកំពុងឈរបទជើងតូច បណ្តាលឲ្យរងរបួសជាទម្ងន់។
ជនរងគ្រោះឈ្មោះ LIANG GUIBIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៉ីណូ HUNG LEI លិខិតឆ្លងដែនលេខៈ EE៤៤១២៤០៨ ស្នាក់នៅក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។
លុះនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២៣៖៣០នាទី នៅចំណុចផ្លូវកាស៉ីណូ ឡាយអ៊ិនស៊ីធីចាស់ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា ទៅលើជនជាតិចិន ចំនួន០២ករណីទៀត បានកើតឡើងជាបន្តបន្ទាប់ បង្កឡើងដោយជនសង្ស័យ៤នាក់ មិនស្គាល់អត្តសញ្ញាណ។ ជនសង្ស័យបានជិះម៉ូតូ ២គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពប្រើដាវកាប់និងវាយ ទៅលើបុរសជនជាតិចិន២នាក់ ខណៈពេលដែលជនរងគ្រោះកំពុងដើរតាមផ្លូវ បណ្តាលឲ្យរងរបួសជាទម្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅ រាជធានីភ្នំពេញភ្លាមៗ។
បន្ទាប់ពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២២៖០០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ រួចបន្តទៅឃាត់ខ្លួនបក្ខពួក របស់ពួកគេបានម្នាក់ទៀត។
ជនរងគ្រោះ មានចំនួន២នាក់ រួមាន៖ ឈ្មោះ ZHOU WENBING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅកាស៉ីណូយ៉ាឌួលី ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ និងឈ្មោះ WANG SI REA ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីពេទ្យរាជធានីភ្នំពេញ។
ចំណែកជនសង្ស័យចំនួន ០៣នាក់ រួមមាន៖
*ឈ្មោះ យ៉ា សុក្រី ហៅកា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ អ្នកបើកម៉ូតូ)។
*ឈ្មោះ ហាស់ អាល់ហ្វារី ហៅឌួង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់)។
*ឈ្មោះ ធឿន សាធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់)។
វត្ថុតាងចាប់យកបាន រួមមាន៖ ដាវ១ដើម, ដំបងដែករលាស់១ដើម, ម៉ូតូ១គ្រឿង ម៉ាកវេវ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ ១FP-៨៨១២ ជាមធ្យោបាយជិះធ្វើសកម្មភាព។
ជនសង្ស័យទាំង៣នាក់នេះ បានសារភាពសកម្មភាពដែលពួកគេ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ទៅលើជនជាតិចិន ដូចដែលបានកើតឡើងខាងលើពិតប្រាកដមែន ដោយសារ ជនសង្ស័យបានខឹងនឹងជនរងគ្រោះ ដែលបានមកផឹកស៉ីនៅលើផែទូកទេសចរណ៍ ហើយចាប់ឱបមិត្តស្រីរបស់ជនសង្ស័យ ជាហេតុធ្វើឲ្យជនសង្ស័យខឹងជាខ្លាំង ក៏នាំគ្នាជិះម៉ូតូ២គ្រឿង គ្នា៤នាក់ ទៅតាមកាប់ជនរងគ្រោះតែម្តង។ ម្យ៉ាងវិញទៀត ក្រុមជនសង្ស័យថា ពួកគេស្អប់ជនជាតិចិន ព្រោះជនជាតិចិនមកដល់ប្រទេសកម្ពុជា នៅពេលដែលផឹកស៉ី និងចេញពីធ្វើការ ដើររញ៉េរញ៉ៃពាសពេញផ្លូវ គ្មានសណ្តាប់ធ្នាប់ ពេលពួកគេស៉ីប្លេរ ម៉ូតូឲ្យចៀស បែរជាស្រែជេរពួកគេទៅវិញ។
ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕