(កំពង់ធំ)៖ របរលក់ងៀតនៅទីរួមស្រុកស្ទោង ខេត្តកំពង់ធំ បានរួមចំណែកធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះមានជីវភាពមួយល្អប្រសើរ។ បច្ចុប្បន្ននេះរបរនេះកំពុងកាក់កបគួរសមផងដែរ ជាពិសេសនៅក្នុងរដូវបុណ្យជាតិធំៗ ពួកគាត់អាចលក់ងៀតបានរហូតដល់ទៅជាង ១០០គីឡូក្រាមក្នុងមួយថ្ងៃ។
ងៀតដែលប្រជាពលរដ្ឋនៅទីនោះធ្វើលក់មានដូចជា ត្រីងៀត សាច់ក្រពើងៀត គោងៀត ក្របីងៀត ពោះងៀត រួមនឹងងៀតផ្សេងៗជាច្រើនទៀត។ អ្នកស្រី ធា នី បានចាប់យករបរលក់ងៀតនេះរយៈពេលប្រមាណជា ១០ឆ្នាំមកហើយ។ ងៀតរបស់អ្នកស្រីធ្វើឡើងដោយផ្ទាល់ដី មិនមានការទិញបន្តពីគេនោះទេ។
ជាមួយការញាប់ដៃញាប់ជើងរៀបចំវេចខ្ចប់ងៀតជូនភ្ញៀវ អ្នកស្រី ធា នី បានអះអាងថា ងៀតរបស់អ្នកស្រីធ្វើឡើងដោយគិតគូរពីសុខភាពរបស់អ្នកទិញងៀតទៅបរិភោគជាចម្បង ពោលគឺងៀតទាំងអស់មិនមានលាយសារធាតុគីមី ដើម្បីរក្សាសាច់ ឬកុំឲ្យមានរុយរោមអ្វីនោះឡើយ។
ស្ត្រីដែលបានប្រកបរបរលក់ងៀតអស់រយៈពេលជាង ១០ឆ្នាំរូបនេះ បានឲ្យដឹងថា ងៀតនៅទីរួមស្រុកស្ទោងទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋខ្មែរ ហើយរាល់ពេលពួកគាត់ជិះឆ្លងកាត់ គឺកម្ររំលងទីនោះខ្លាំងណាស់។ អ្នកស្រី ធា នី បានអះអាថា អ្នកស្រីអាចលក់ដាច់ងៀតបានរហូតដល់ជាង ១០០គីឡូក្រាមនៅពេលមានបុណ្យជាតិធំៗ ព្រោះមានប្រជាពលរដ្ឋត្រូវធ្វើដំណើរឆ្លងកាត់ទីនោះច្រើន។
ប៉ុន្តែសម្រាប់ថ្ងៃធម្មតាវិញ មិនសូវជាលក់ដាច់ប៉ុន្មាននោះទេ ក្នុងមួយថ្ងៃអាចលក់បានចន្លោះប្រមាណ ១០ ទៅ២០គីឡូក្រាមប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ធា នី។
អ្នកស្រី ធា នី បានឲ្យដឹងថា តាមរយៈរបរលក់ងៀតនេះ បានធ្វើឲ្យអ្នកស្រីមានជីវភាពរស់នៅមួយសមរម្យ។ ងៀតរបស់អ្នកស្រី ធា នី មិនត្រឹមតែលក់នៅក្នុងផ្ទះនាស្រុកស្ទោងនោះទេ តែអ្នកស្រី ក៏អាចផ្ញើទៅគ្រប់ទីកន្លែងប្រសិនបើមានអ្នកបញ្ជាទិញ។
អ្នកចង់បរិភោគសាច់ងៀតដែលធ្វើដោយអ្នកស្រី ធា នី អាចទាក់ទងតាមទូរស័ព្ទលេខ៖ ០១២/០១១ ៦៦ ៥១ ៥៦៕