(មណ្ឌលគិរី)៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង ខណៈមនុស្សប្រុស-ស្រីចំនួន៥នាក់ទៀតរងរបួសធ្ងន់-ស្រាល ដែលបង្កឡើងដោយរថយន្តម៉ាក វ៉េអង បុកយ៉ាងពេញទំហឹងជាមួយរថយន្តស្តារិច។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍អាក្រក់នេះ បានកើតឡើងនៅវេលាម៉ោង១១៖១៦នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក យឹម ចិន្តា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តមណ្ឌលគិរី ឲ្យដឹងថា នៅវេលាម៉ោង១១៖១៦នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងមនុស្សចំនួន៥នាក់ បានរងរបួសធ្ងន់និងស្រាល។
លោកបានឲ្យដឹងបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្តម៉ាក វ៉េអងដឹកជីអាចម៍គោ និងរថយន្ត ម៉ាកស្តារិចដឹកទំនិញ បើកបរបញ្រ្ចាសទិសគ្នាត្រង់ផ្លូវបត់បែន ក្បែរចំណុចអូរទេ។ អ្នកបើកបរទាំងសងខាងមិនប្រុងប្រយ័ត្នក៏បុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់មនុស្សប្រុសម្នាក់ និងរបួសធ្ងន់-ស្រាលចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់។
ជនរងគ្រោះទាំងអស់ ត្រូវបានកម្លាំងនគរបាល កំពុងដឹកជញ្ជូនមកសង្រ្គោះបន្ទាន់ នៅពេទ្យបង្អែកខេត្តមណ្ឌលគិរី៕