(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការតាមបង្ក្រាប ជនសង្ស័យដែលធ្វើសកម្មភាពលួចរថយន្ដ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រហូតក្រមួចបានជនសង្ស័យ២នាក់ឪពុកកូន នៅខេត្តតាកែវ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប្រតិបត្តិការដ៏មុតស្រួចនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលការងារព្រហ្មទណ្ឌ និងការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉ែង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងមានកិច្ចសហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ, នគរបាលខេត្តកណ្ដាល និងនគរបាលខេត្តតាកែវ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង ដែលដឹកនាំប្រតិបត្តិការនេះ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ហេតុការណ៍លួចរថយន្ដនេះ កើតឡើងនៅយប់ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា នៅសង្កាត់លេខ១ ក្រុងព្រះសីហន ខេត្តព្រះសីហនុ។
ក្រោយទទួលបានពាក្យបណ្ដឹង និងស្នើសុំកិច្ចសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនោះ នៅវេលាម៉ោង០៣៖៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបើកប្រតិបត្តិការ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡាយ ផុន ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចស្រុកពញាឮ ខេត្តកណ្ដាល បានដកហូតរថយន្ដមួយគ្រឿង ម៉ាក Fortuner ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-2718 ដែលជាកម្មសិទ្ធិរបស់មន្ដ្រីយោធាម្នាក់។
បើតាមលោកនាយការិយាល័យ បន្ទាប់ពីឃាត់ខ្លួន និងឆ្លងតាមការសួរនាំកម្លាំងការិយាល័យ បានបន្ដទៅឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ ហុង សារឿន អាយុ៥០ឆ្នាំ នៅចំណុចភូមិពុទ្ធសាំង ឃុំស្រង៉ែ ស្រុកត្រាំង ខេត្តតាកែវ ដោយឈានដល់ការដកហូតអាវុធខ្លីមួយដើម (កម្មសិទ្ធិរបស់ជនរងគ្រោះ) ដែលជនសង្ស័យលាក់ក្នុងកំសៀវកប់ដីក្រោមដើមត្របែកនៅក្រោយផ្ទះ ស្ថិតក្នុងភូមិឃុំខាងលើ ម៉ាក CZ2075 លេខA257297 បង់មួយ គ្រាប់១០គ្រាប់។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហុង សារឿន កាលពីអំឡុងឆ្នាំ២០០០ ធ្លាប់ធ្វើសកម្មភាពបាញ់សម្លាប់ទៅលើមនុស្ស២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ដោយប្រើកាំភ្លើងវែងម៉ាក AK47 នៅភូមិរវាង ស្រុកទ្រាំង ខេត្តតាកែវ និងបានជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ ចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០០ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣ នៅពន្ធនាគារ ខេត្តតាកែវ។ ដោយឡែកឈ្មោះ ឡាយ ផុន ក៏ធ្លាប់ជាប់ពន្ធនាគារ១១ឆ្នាំផងដែរ ពីបទប្លន់ នៅឆ្នាំ២០០០ ដល់ឆ្នាំ២០១១ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
ក្រោយការឃាត់ខ្លួនកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យទាំង២នាក់ នឹងសម្ភារដកហូតខាងលើ មកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ រួចបានប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី ចាត់ការបន្ដតាមនីតិវិធី៕