(ភ្នំពេញ)៖ លោក ស​ សុខា ប្រធាន​គណៈកម្មាធិការផលិតទូក «ង» វែងជាងគេលើពិភពលោក បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅទស្សនាទូក «ង» វែងជាងគេលើពិភពលោកឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី​» ខណៈទូកនេះបានរំកិលខ្លួនមកលើគោក តាមបណ្ដោយផ្លូវព្រះសុធារស ខាងកើតទល់មុខ វាលព្រះមេរុហ៍ ដើម្បីដាក់តាំងបង្ហាញជូនសាធារណជនបានទស្សនា ដោយឥតគិតថ្លៃ​ចាប់ពីថ្ងៃនេះ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការអំពាវនាវរបស់លោក ស សុខា បានធ្វើឡើងនៅព្រឹកថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្នុងឱកាសដែលលោក​​ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារសហភាពសហព័ន្ធ​យុវជនកម្ពុជា និងគណៈកម្មាធិការផលិតទូក «ង» វែងជាងគេលើពិភពលោក ដើម្បីរំកិលទូកនេះ ដាក់បង្ហាញជូនសាធារណជនបានទស្សនា ពីស្នាដៃរបស់កូនខ្មែរ ដែលទើបជាប់ឯតទគ្គកម្មពិភពលោក (World Guinness Record) ជាផ្លូវការកាលពីពេលថ្មីៗនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសនោះ, លោក ស សុខា ក៏បានបញ្ជាក់ដែរថា បន្ទាប់ពីទូក «ង» វែងជាងគេលើពិភពលោក ដែលនឹងត្រូវដាក់តាំងបង្ហាញ ជូនសាធារណជនបានទស្សនា ដោយឥតគិតថ្លៃ​ចាប់ពីថ្ងៃនេះ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នឹងត្រូវរំកិលទម្លាក់ទឹក យកទៅតម្កល់ទុកនៅខេត្តព្រៃវែងវិញផងដែរ។

សូមរម្លឹកថា ទូក «ង» ដែលវែងជាងគេ ហើយផលិតដោយស្នាដៃកូនខ្មែរនេះ ​ត្រូវបានជាប់ឯតទគ្គកម្មពិភពលោកជាផ្លូវការ​ នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤​ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូត​ដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក៕