(ភ្នំពេញ)៖ សកម្មភាពរបស់ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៣ ចុះទៅធ្វើសកម្មភាពរៀបចំបុកគ្រឹះ ដើម្បីសាងសង់ស្ពានថ្មីបន្ថែមនៅទំនប់ទ្វារទឹក «៧មករា» នាំឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដោយអ្នកខ្លះមានការសង្ស័យថាជាសកម្មភាពវាយបំផ្លាញជើងទំនប់ទឹក។ លុះសាកសួរលំអិតទើបរកឃើញថា មិនមែនជាសកម្មភាពវាយបំផ្លាញជើងទំនប់ទឹកនោះទេ គឺក្រុមហ៊ុនចិនដែលទទួលបានសិទ្ធិសាងសង់ផ្លូវជាតិលេខ៣ ចុះទៅរៀបចំបុកគ្រឹះដើម្បីសាងសង់ស្ពានថ្មីបន្ថែមមួយទៀត។
នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះទៅឃាត់បុគ្គលិកក្រុមហ៊ុនសាងសង់ផ្លូវរបស់ចិនពីរនាក់ ពេលពួកគេកំពុងធ្វើសកម្មភាពរៀបចំបុកគ្រឹះនៅជើងទំនប់ទឹក «៧មករា» លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ការចុះទៅឃាត់នេះ ដោយសារតែការធ្វើសកម្មភាពរបស់ក្រុមហ៊ុនមិនបានជូនដំណឹងទៅខាងក្រសួងធនធានទឹក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា មិនមានការវាយបំផ្លាញជើងទំនប់ទឹក «៧មករា» នោះឡើយ គ្រាន់តែជាសកម្មភាពរបស់ក្រុមហ៊ុនរៀបចំបុកគ្រឹះសាងសង់ស្ពានថ្មីមួយបន្ថែមនៅត្រង់ចំណុចនោះ ព្រោះផ្លូវជាតិលេខ៣ ត្រូវពង្រីកឲ្យធំជាងពេលបច្ចុប្បន្ន។
លោក ស៊ុន ចាន់ថុល បានបន្ថែមថា ការដែលក្រុមហ៊ុនពេលចុះធ្វើសកម្មភាពមិនបានផ្តល់ដំណឹង ក៏ដូចជាសុំកិច្ចសហការពីខាងក្រសួងធនធានទឹក និងឧតុនិយមទើបធ្វើឲ្យមានការផ្ញាក់ផ្អើលកើតឡើង។ លោករដ្ឋមន្ត្រីបានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មាននេះ រូបលោកបានទាក់ទងជួបលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោះស្រាយបញ្ហាទាំងនេះរួចរាល់ហើយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ពេលនេះក្រុមហ៊ុនបានសុំកិច្ចសហការពីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីដំណើរការសាងសង់ស្ពានបន្ថែមនៅទីនោះ ដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ទំនប់ទឹក «៧មករា»។
សូមបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងដំណើរការសាងសង់លើកកម្រិតគុណភាព និងពង្រីកបន្ថែមកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។
គម្រោងនេះចែកចេញជាពីរកំណាត់៖ កំណាត់ទី១ ចាប់ពីភ្នំពេញ (ចោមចៅ)-បែកគូស មានប្រវែងជិត ៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ។ ដោយឡែកកំណាត់ទី២ ចាប់ពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា ២គន្លង (១គន្លងទៅ ១គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ។
គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣នេះ គ្រោងប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ៕