(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ទូក «ង» ដែលវែងជាងគេលើពិភពលោក ឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី​» ដែលទើបតែនឹងជាប់កំណត់ត្រាទូក «ង» វែងជាងគេលើពិភពលោក កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ បានរំកិលខ្លួនមកលើគោកតាមបណ្ដោយផ្លូវព្រះសុធារស ខាងកើតទល់មុខ វាលព្រះមេរុហ៍ ដើម្បីដាក់តាំងបង្ហាញ ជូនសាធារណៈជនបានទស្សនា ដោយឥតគិតថ្លៃ​ចាប់ពីថ្ងៃទី​២៥ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការរំកិលទូកឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី​» ដាក់បង្ហាញជូនសាធារណជនទស្សនានេះ មានការចូលរួមពីសហភាពសហព័ន្ធ​យុវជនកម្ពុជា និងគណៈកម្មាធិការផលិតទូក «ង» វែងជាងគេលើពិភពលោក ដឹកនាំដោយលោក ស សុខា ប្រធាន​គណៈកម្មាធិការផលិតទូក «ង» វែងជាងគេលើពិភពលោក និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ទូក «ង» ដែលវែងជាងគេលើពិភពលោក នឹងត្រូវដាក់តាំងបង្ហាញ ជូនសាធារណៈជនបានទស្សនា ដោយឥតគិតថ្លៃ​ចាប់ពីថ្ងៃទី​២៤ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់មកនឹងយកទៅខេត្តព្រៃវែងវិញ។ នេះបើតាមមន្ត្រីសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ។

សូមរម្លឹកថា ទូក «ង» ដែលវែងជាងគេ ហើយផលិតដោយស្នាដៃកូនខ្មែរនេះ ​ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការ​ នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤​ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូត​ដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក៕