(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាទូទៅបានឮ បានដឹងអំពីបទល្មើសរំលោភសេពសន្ថវៈ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនតូចមិនមានការចាប់អារម្មណ៍អំពីបទល្មើសប្រទូស្តកេរខ្មាសទ្បើយ។ តាមពិតទៅបទប្រទូស្តកេរខ្មាស មានបញ្ញត្តនៅក្នុងក្រមព្រហ្មទណ្ឌឆ្នាំ២០០៩។ ដូច្នេះដើម្បីយល់កាន់តែច្បាស់ថាតើ បទប្រទូស្តកេរខ្មាស មានន័យដូចម្តេច? ហើយអ្នកដែលប្រព្រឹត្តបទល្មើសប្រទូស្តកេរខ្មាសនេះមានទោសកម្រិតណា?
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បទប្រទូស្តកេរខ្មាស» មកធ្វើការបង្ហាញជូនដូចខាងក្រោម៖
បទប្រទូស្តកេរខ្មាស គឺជាប្រភេទបទល្មើសមជ្ឈិមដែលត្រូវមានបញ្ញត្តនៅក្នុងមាត្រា២៤៦ នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ហើយត្រូវបានកំណត់និយមន័យថា «គ្រប់អំពើប៉ះពាល់ ស្ទាប អង្អែលកេរភេទ ឫ ផ្នែកភេទផ្សេងទៀតរបស់បុគ្គលដទៃ តែបុគ្គលនេះមិនស្ម័គ្រផងទេ ឬ បង្ខំបុគ្គលដទៃឲ្យប្រព្រឹត្តអំពើនេះមកលើខ្លួន ឬ ទៅលើតតិយបុគ្គលក្នុងគោលបំណងធ្វើឲ្យរំជួល ឬ រីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស គឺជាអំពើប្រទូស្តកេរខ្មាស»។ ផ្អែកលើនិយមន័យខាងលើនេះ កេរភេទ គឺសំដៅទៅលើប្រដាប់បន្តពូជបុរស និងប្រដាប់បន្តពូជនារីតាមបែប វេជ្ជសាស្រ្ត រីឯផែ្នកភេទផ្សេងទៀតអាចសំដៅលើ សុដន់ គូទ កន្លែងអាថ៌កំបាំងនៃរាងកាយ ជាដើម ដែលការកំណត់នេះ ផ្អែកលើកត្តាសង្គម វប្បធម៌ និងប្រពៃណីខ្មែរ។
ទន្ទឹមនឹងនេះ ជនដែលប្រព្រឹត្តបទល្មើសនេះ មិនសំដៅតែទៅលើបុរសបំពានលើនារីនោះទេ អាចជានារីបំពានលើបុរស ឬអាចបុរសបំពានលើបុរស ឬអាចនារីបំពានលើនារី ឬជនល្មើសបង្ខំឲ្យជនរងគ្រោះប្រព្រឹត្តទៅលើតតិយបុគ្គល (បុគ្គលកទី៣) ក្នុងគោលបំណងធ្វើឲ្យរំជួល ឬរីករាយចំណង់ផ្លូវភេទរបស់ជនល្មើស ដោយគ្មានបំណងបញ្ជូលអង្គជាត (លិង្គ,យោនី) ឬបញ្ជូល ឧបករណ៍ណាមួយទៅក្នុងអង្គជាតដូចបទរំលោភសេពសន្ថវៈទ្បើយ។
ចំពោះទោសដែលត្រូវអនុវត្តវិញ អនុលោមតាមមាត្រា ២៤៦ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តថា អំពើប្រទូស្តកេរខ្មាសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។ ដោយឡែក បទប្រទូស្តកេរខ្មាស ក៏មានបញ្ញត្តអំពីស្ថានទម្ងន់ទោសនៅក្នុងមាត្រា ២៤៧ និងមាត្រា ២៤៨ ដោយបានបញ្ញត្តថា៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល កាលបើអំពើនេះប្រព្រឹត្តឡើងក្នុងស្ថានភាពណាមួយដូចខាងក្រោម៖
១៖ ដោយការប្រើប្រាស់អាវុធ ឬ ការគំរាមកំហែងនឹងអាវុធ។
២៖ ដោយការប្រើប្រាស់គ្រឿងញៀន ឬ គ្រប់វិធីដែលនាំឲ្យជនរងគ្រោះបាត់បង់ ឬ ចុះខ្សោយលទ្ធភាពទប់ទល់។
៣៖ ដោយបុគ្គលដែលមានអំណាចទៅលើជនរងគ្រោះ។
៤៖ ដោយបុគ្គលដែលរំលោភអំណាច ដែលមុខងាររបស់ខ្លួនបានប្រគល់ឲ្យ ។
៥៖ ដោយបុគ្គលច្រើនរូប ដែលប្រព្រឹត្តឡើងក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត ឬជាអ្នកសមគំនិត។
៦៖ បុគ្គលដែលទន់ខ្សោយជាពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ។
៧៖ នារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្ដែង ឬកាលបើជនល្មើសបានដឹង។
៨៖ បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជម្ងឺ ឬពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានឃើញជាក់ស្ដែង ឬ កាលបើជនល្មើសបានដឹង។
សរុបមកបទប្រទូស្តកេរខ្មាសក្នុងក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ បានបញ្ញត្តយ៉ាងច្បាស់លាស់អំពីគោលការណ៍ដើម្បីធានាប្រសិទ្ធិភាព កំណត់ការផ្តន្ទាទោស និងទោសពិន័យ ពីអំពើដែលជនល្មើសបានប្រព្រឹត្តទៅលើអ្នកដទៃ ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងប្រពៃណីផូរផង់របស់ខ្មែរ។
រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ប៊ុន វិទូ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០១២ ៣០៣ ០៤២, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕